(កម្ពុជា)៖ ក្រោមលេសទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ មន្ត្រីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ថ្មីៗនេះបានអំពាវនាវទៅដល់មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឲ្យស្លៀកពាក់ខ្មៅ និងការប្រមូលផ្តុំជួបជុំផ្សេងៗនៅរៀងរាល់ថ្ងៃច័ន្ទ ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ។ សេចក្តីអំពាវនាវនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីមានការជួបជុំគ្នាមួយ រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងមន្ត្រីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលកាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅគេហដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនោះ។
ការប្រកូកប្រកាសឲ្យមានការប្រមូលផ្តុំស្លៀកពាក់ខ្មៅនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាវាយតម្លៃថា អាចជារងើកភ្លើងមួយបង្កាត់ឲ្យមានបដិវត្តន៍ពណ៌ខ្មៅ នៅកម្ពុជាដែលមានការរៀបចំចាត់តាំងដឹកនាំច្បាស់លាស់របស់ប្រទេសមហាអំណាច ក្នុងគោលដៅផ្ដួលរំលំលទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាព ដែលមានវត្តមាននៅកម្ពុជាជាង ៣ទសវត្សរ៍កន្លងមក ដែលអាចនឹងធ្វើឲ្យកម្ពុជាដើរឈានទៅរករណ្ដៅថ្មីនៃសង្គ្រាមស៊ីវិល។
សេចក្ដីអំពាវនាវដែលមានចារិកអក្សរពណ៌ស លើផ្ទាំងពណ៌ខ្មៅ បង្ហាញដោយក្រុមសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ជាកូនជឹងចិញ្ចឹមដោយប្រទេសមហាអំណាចមួយនោះ មានចេតនាទាំងស្រុង គឺការធ្វើឲ្យមជ្ឈដ្ឋានសង្គមខ្មែរឈានទៅរកការបាក់បែកគ្នាកាន់តែស្រួចស្រាវ រហូតដល់ការប្រែប្រួលរបត់នយោបាយដែលខ្មែរធ្លាប់ឆ្លងកាត់ដូចអំឡុងទសវត្សរ៍ទី៧០ ដូច្នេះដែរ។
គួរដឹងថា ក្នុងមួយឆ្នាំៗប្រទេសមហាអំណាច បានចាយថវិការរាប់រយលានដុល្លារ ទៅអង្គការក្រៅរដ្ឋាភិបាលដែលជាសេនាធិការរបស់ខ្លួន ដើម្បីបំផ្លាញភាពស្របច្បាប់របស់រដ្ឋាភិបាលប្រទេសនីមួយៗ ទៅតាមទិដ្ឋភាពនៃភូមិសាស្ដ្រនយោបាយ។ ដូច្នេះសេចក្ដីអំពាវនាវដែលសង្គមស៊ីវិលខ្មែរចាយប្រាក់ដុល្លារអាមេរិក កំពុងតែបង្ហោះពេញក្នុងបណ្តាញផ្សព្វផ្សាយសង្គមនាពេលនេះ គឺជាការស្ដែងឲ្យឃើញនូវចេតនាបង្កើតឲ្យមានបដិវត្តន៍ពណ៌ថ្មីមួយទៀតក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យមួយនេះ ដើរត្រឡប់ថយក្រោយ និងឈានទៅរកសង្គ្រាមស៊ីវិលដូចបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងប្រទេសខ្លះក្នុងតំបន់អឺរ៉ុប ដូច្នោះដែរ។
បដិវត្តន៍ពណ៌ គឺជារូបភាពរដ្ឋប្រហារថ្មី ដើម្បីផ្លាស់ប្តូររបបដែលផលិតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៣។ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ណាមួយដែលគេយល់ឃើញថា មិនចំណុះ ឬមិនផ្តល់ផលប្រយោជន៍ចំពោះនយោបាយអាមេរិក យុទ្ធសាស្ត្រនេះ គេប្រើប្រាស់កម្លាំងសង្គមស៊ីវិលដែលទទួលមូលនិធិរបស់គេដើម្បីធ្វើសកម្មភាព។
ការធ្វើបដិវត្តន៍ពណ៌ គឺនាំមុខដោយចលនានិស្សិត និងយុវជន ជាមួយនឹងការតុបតែងមុខមាត់ប្លែក ថ្មី ដែលទាក់ទាញ អូសទាញអ្នកដទៃ ឬក្រុមដទៃឲ្យចូលរួម ដែលជានិច្ចកាលគេយកស្លាកសញ្ញា និងពណ៌។ ឧទាហរណ៍ ប្រទេសប៉ែកអឺរ៉ុប ដូចជា នៅប្រទេសសែប៊ី (Serbia) ការធ្វើបដិវត្តន៍ពណ៌ គឺការដើរក្បួនរបស់ក្រុមបាតុករតាមផ្លូវថ្នល់ដោយប្រើប្រាស់អត្តសញ្ញាណពណ៌ស-ខ្មៅ ទាំងអាវយឺត ស្លាកសញ្ញា និងទង់ជ័យរបស់គេ ដែលជានិមិត្តរូបនៃក្រុមប្រឆាំង ឬក្រុមសេរីកា។ នៅប្រទេសអ៊ុយគ្រែន (Ukraine) ស្លាកសញ្ញា ដែលក្រុមបាតុករប្រើប្រាស់ គឺនៅដដែល ក៏ប៉ុន្តែគេផ្លាស់ប្តូរទៅជាពណ៌ទឹកក្រូចវិញ។ នៅប្រទេសហ្សកហ្ស៊ី (Georgia) គេប្រើពណ៌ផ្កាកុលាប លាបនៅលើប្រអប់ដៃ ឬខ្នងដៃ ជាអត្តសញ្ញាណនៃក្រុមបះបោរ។ នៅប្រទេសវេណេហ្សូអេឡា (Venezuela) គេផ្លាស់ប្តូរជំនួសពីការក្តាប់ដៃ មកលាដៃ ដែលមានពណ៌ ខ្មៅ-ស។
រីឯបដិវត្តន៍ពណ៌នៅមជ្ឈឹមបូព៌ាដែលហៅថា អារ៉ាប់ស្ព្រីង (Arab Spring) ចាប់ផ្តើមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ នៅប្រទេសទុយនេស៊ី (Tunisia Revolution) បានរីករាលដាលទៅក្នុងសម្ព័ន្ធអារ៉ាប់ ក្នុងតំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលភាគច្រើនកើតឡើងដោយក្រុមសិស្ស និស្សិត យុវជន ប្រើប្រាស់បណ្តាញព័ត៌មានសង្គម (Social Media) ធ្វើជាឧបករណ៍ប្រមូលផ្តុំគ្នាដើម្បីធ្វើបដិវត្តន៍។ បដិវត្តន៍ពណ៌នេះ ក៏ជះឥទ្ធិពលមកដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ដូចជា ចលនានិស្សិតផ្កាឈូករ័ត្ន (Sunflower Student Movement) ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ដោយក្រុមនិស្សិតចូលទៅគ្រប់គ្រងសភាតៃវ៉ាន់ និងចលនាឆ័ត្រ ឬបដិវត្តន៍ឆ័ត្រ (Umbrella Movement/Revolution) នៅហុងកុងនៅខែកញ្ញា ឆ្នាំ២០១៤ ប្រើប្រាស់គោលការណ៍ មិនសហការរបស់មហាជនស៊ីវិល ជាមួយរដ្ឋាភិបាលហុងកុង។
ប៉ុន្តែជាលទ្ធផលប្រទេសដែលបានធ្វើបដិវត្តន៍ពណ៌ ដូចជា ប្រទេសលីប៊ី ទុយនេស៊ី ស៊ីរី អ៊ីរ៉ាក់ ជាដើម បាននិងកំពុងរងការខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល បំផ្លាញអស់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ស្លាប់មនុស្ស បង្ករការភ័យខ្លាច និងមានការធ្វើចំណាកស្រុ ជាជនភៀសសឹក និងជនភៀសខ្លួនរាប់លាននាក់ ទៅកាន់ប្រទេសក្បែរខាងលិច គេចចេញពីសង្គ្រាម និងបន្តទៅសុំសិទ្ធិជ្រកកោនក្នុងប្រទេសទី៣។
នៅប្រទេសកម្ពុជាក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ បដិវត្តន៍ពណ៌ដែលគេឲ្យឈ្មោះថា បដិវត្តន៍ផ្កាឈូក ក៏ត្រូវបានអង្គការសង្គមស៊ីវិលមាននិន្នាការប្រឆាំងយកមកអនុវត្តន៍ ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីបក្សប្រឆាំង។ ទង្វើរបស់សកម្មជនបដិវត្តន៍ផ្កាឈូក គឺពួគេធ្វើការតវ៉ាបះបោរតាមដងផ្លូវនានាដោយកាន់ផ្កាឈូកនៅក្នុងដៃ ជាសញ្ញាសម្គាល់។ ការធ្វើបដិវត្តន៍ផ្កាឈូករបស់សង្គមស៊ីវិលក្រៅរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងនាពេលនោះ ត្រូវបរាជ័យដោយសាររាជរដ្ឋាភិបាលចាត់វិធានការណ៍តឹងរ៉ឹងតាមផ្លូវច្បាប់ទប់ស្កាត់។
រាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងដោយការបោះឆ្នោត ទោះក្នុងតម្លៃណាក៏ដោយ គប្បីគិតពិចារណា ហើយត្រូវតែហ៊ានចាត់វិធានការណ៍ ឲ្យបានម៉ឹងម៉ាត់បំផុតចំពោះបុគ្គល រឺក្រុមណាដែលប៉ុនប៉ងបង្កើត និងជំរុញឲ្យមានបដិវត្តន៍ពណ៌ខ្មៅនៅលើទឹកដីកម្ពុជា ដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនិងភាពភ័យខ្លាច នៃការវិលទៅរកគ្រោះមហន្តរាយកាលពីអតីតកាល ជាពិសេសមិនត្រូវអោយអង្គការសមាគមក្រៅរដ្ឋាភិបាលមួយក្តាប់តូច ដែលជាឧបករណ៍របស់ប្រទេសធ្លាប់បង្កសង្គ្រាមនៅកម្ពុជាកាលពីទសវត្សរ៍ទី៧០ ធ្វើបដិវត្តន៍ពណ៌ខ្មៅនៅកម្ពុជាបាននោះឡើយ៕