(កណ្តាល)៖ បន្ទាប់ពីឧកញ៉ា ឡោក ហ៊ួរ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង យកទៅធ្វើសកម្មភាពជីកលើកទំនប់ រំលោភយកដីព្រៃលិចទឹក ដីបឹងអតីតឡូតនេសាទ និងដីប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ដោះស្រាយមិនទាន់ចប់ រាប់សិបហិកតា នៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង ហើយអ្នកស្រុកប្ដឹងទៅអភិបាលខេត្តកណ្តាលរួចមក លោក ម៉ៅ ភិរុណ បានចេញលិខិតមួយច្បាប់ផ្ញើជូន អភិបាលស្រុកកៀនស្វាយ និងអភិបាលស្រុកស្អាង ដឹកនាំមន្ត្រីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច រួមមាននគរបាល អាវុធហត្ថ និងយោធាស្រុកកៀនស្វាយ មានចំនួនជិត៣០នាក់ ចុះទៅកាន់ទីតាំងប្រព្រឹត្តបទល្មើស នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ដែលជាតំបន់ដីបឹងព្រៃលិចទឹក ក៏ឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាព ហើយចាប់យកមកទុកនៅសាលាស្រុក។
នៅលិខិតរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត បានបញ្ជាក់ថា ត្រូវធ្វើការទប់ស្កាត់ និងបញ្ឈប់សកម្មភាពជីកលើក ឈូសឆាយ ដីអនាធិបតេយ្យក្នុងតំបន់ដែលលោកឧកញ៉ា ឡោក ហ៊ួរ ឬអ្នកដទៃផ្សេងទៀត គ្រប់គ្រងមិនស្របច្បាប់ និងមិនអនុញ្ញាតឲ្យមានការលក់ ទិញ ឬផ្ទេរសិទ្ធិគ្រប់គ្រង ព្រមទាំងចេញលិខិតស្នាមលើដីវិវាទ។
ទន្ទឹមនឹងនោះសាលាខេត្តកណ្តាល នឹងបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីចុះអង្កេតស្រាវជ្រាវ ដោះស្រាយលើដីទំនាស់ជាក់ស្តែង តាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធចំណាត់ការរបស់អាជ្ញាធរខេត្តរឿងជំលោះដីធ្លី ជាមួយឧកញ៉ា ឡោក ហួរ ខាងលើនេះ, អ្នកស្រុកកៀនស្វាយ និងអ្នកស្រុកស្អាងកំពុងទល់ភ្នែក ចាំមើលចំណាត់ការរបស់អភិបាលខេត្តកណ្ដាល លើករណីឧកញ៉ា ឡោក ហួរ បំពានយកដីបឹង និងដីប្រជាពលរដ្ឋ.!៕