(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ី (Chamber of Commerce and Industry of Serbia) នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធី «Cambodia – New Destination for Business, Investment and Tourism» តាមប្រព័ន្ធវីដេអូ។
កម្មវិធីនេះ បានរៀបចំឡើង ក្រោមអធិបតីភាព លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការតំណាងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានកិច្ចសម្របសម្រួលពីក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច។ កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួងទេសចរណ៍កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជនរបស់កម្ពុជា និងស៊ែប៊ី សរុបប្រមាណ ១៥០ នាក់។
កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើង ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងជំរុញឱ្យកម្ពុជាក្លាយជាគោលដៅដ៏លេចធ្លោមួយក្នុងតំបន់។ ប្រធានបទដែលត្រូវបានលើកឡើងមកពិភាក្សារួមមាន៖ ១៖ យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ២៖ ការផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មី និងសក្ដានុពលវិនិយោគរបស់កម្ពុជា ៣៖ ការលើកស្ទួយវិស័យទេសចរណ៍ និង៤៖ ស្ថានភាព និងកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធី «Cambodia – New Destination for Business, Investment and Tourism» បានប្រព្រឹត្តទៅស្របពេលដែលកម្ពុជា និងស៊ែបី ប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសង្ឃឹម និងជឿជាក់ថា កម្មវិធីនេះនឹងដើរតួជាចំណុចចាប់ផ្តើមថ្មីមួយទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង តាមរយៈការស្តារឡើងវិញនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩៕