(ភ្នំពេញ)៖ អ្នកបើករថយន្តកុងតឺន័រម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីសាងឥវ៉ាន់ចេញពីទូហើយ ស្រាប់តែបើករថយន្ត ថយក្រោយ រួចបើកទ្វារចុះពីរថយន្តក៏ត្រូវរថយន្តរអិលធ្លាក់មកក្រោយទៀត ធ្វើឲ្យគៀបជាប់ជាមួយទូកុងតឺន័រក្បែរនោះ រហូតដាច់ខ្យល់ស្លាប់យ៉ាងវេទនា។
ហេតុការណ៍នេះបានកើតឡើង ក្នុងផែស្ងួតសូរងួន នាម៉ោង៨៖៤០នាទីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
បើតាមមិត្តភក្តិ ជាអ្នកបើកបររថយន្តដូចគ្នាបានប្រាប់ភ្នាក់ងារ Fresh News ដែលកំពុងទៅយកព័ត៌មាននៅទីនោះថា មុនកើតហេតុជនរងគ្រោះ បានបើករថយន្តមកពីក្រុងព្រះសីហនុក្នុងគោលបំណង មកសាងឥវ៉ាន់ក្នុងផែស្ងូតសូរងួន។
បន្ទាប់ពីសាងឥវ៉ាន់ហើយជនរងគ្រោះ បានបើករថយន្តថយក្រោយ បន្ទាប់រីយ៉ែថយហើយ ជនរងគ្រោះបានបើកទ្វាររថយន្តចុះ ពេលកំពុងតែបើកទ្វារស្រាប់តែរថយន្តរអិលធ្លាក់មកក្រោយ ធ្វើឲ្យជនរងគ្រោះ បោកផ្ទប់ទៅនឹងទូកុងតឺន័រ ដែលនៅក្បែរនោះបណ្តាលឲ្យជនរងគ្រោះ បែកគ្រឿងក្នុងស្លាប់គៀបជាប់តែម្តង។
ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យដោយ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ ដោយគ្រោះថ្នាក់ខ្លួនឯងនេះមែន ហើយសពត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តកំពត៕