(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន៥ របស់គណបក្សភ្លើងទៀន នៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប។

បើតាមសេចក្តីជូនដំណឹងដែល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

ពាក្យបណ្ដឹងទាំង៥ ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម៖

* ប្ដឹងសុំបដិសេធបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន ២បណ្ដឹង

* ប្ដឹងជំទាស់ មិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា និងបដិសេធបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំនួន ៣បណ្ដឹង៕