(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រគេនថវិកា ៦,០៤៥ដុល្លារអាមេរិក ដល់សមណសិស្ស និងសមណនិស្សិត ៣២អង្គ ដើម្បីជួយសម្រួលការសិក្សា នៅក្នុងប្រទេសស្រីលង្ការ។ នេះបើតាមការជូនដំណឹង ដោយមូលនិធិ ម៉េងលី ជេ. គួច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា «មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគថវិកាចំនួន ៦,០៤៥ ដុល្លារអាមេរិក ប្រគេនជូនសមណសិស្ស និងសមណនិស្សិតចំនួន៣២អង្គ ដើម្បីជួយសម្រួលដល់ការចំណាយលើការសិក្សាក្នុងប្រទេសស្រីលង្ការ»

សូមបញ្ជាក់ផងដែរថា សមណសិស្សចំនួន ៦អង្គ កំពុងសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សមណសិស្សចំនួន ៧អង្គ កំពុងសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ សមណសិស្សចំនួន ១៧អង្គ កំពុងសិក្សាពីថ្នាក់ទី១ ដល់ទី៤ សមណនិស្សិតចំនួន ១អង្គ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទស្សនវិជ្ជាព្រះពុទ្ធសាសនា និងសមណនិស្សិតចំនួន ១អង្គ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញភាសាវិទ្យា៕