(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានជម្រាបជូនទៅប្រធានមន្ទីរបរិស្ថាន តាមបណ្តាខេត្តដែលជាប់ពាក់ព័ន្ធ ត្រូវចាត់វិធានការ គ្រប់គ្រង ទប់ស្កាត់ និងការពារឲ្យមានប្រសិទ្ធភាពជាទីបំផុត ចំពោះតំបន់ព្រៃការពារ តំបន់អភិរក្សព្រៃឈើ និងតំបន់ព្រៃផ្តល់ផល ទាំង១៨កន្លែង ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរសមត្ថកិច្ចគ្រប់គ្រង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ កាលពីពេលកន្លងទៅនេះ។
យោងតាមលិខិតដែល ផ្ញើជូនប្រធានមន្ទីរបរិស្ថានតាមខេត្តដែលពាក់ព័ន្ធ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ រដ្ឋមន្រ្តីវ័យក្មេង លោក សាយ សំអាល់ បានបញ្ជាក់ថា «បច្ចុប្បន្នក្រសួងបរិស្ថានបានស្នើសុំទៅរាជរដ្ឋាភិបាល ក្នុងការដាក់តំបន់ទាំង១៨កន្លែងនេះ ទៅជាតំបន់ការពារធម្មជាតិ សម្រាប់ធ្វើការអភិរក្សធនធានធម្មជាតិ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដូច្នេះក្រសួងបរិស្ថានស្នើលោកប្រធានមន្ទីរពាក់ព័ន្ធ ចាត់វិធានការគ្រប់គ្រង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាល គណ:បញ្ជាការឯកភាពខេត្ត»៕