(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញក្តីសង្ឃឹមថា សភាពាណិជ្ជកម្មអាមេរិក នឹងបន្តចូលរួមរហូតដល់កម្ពុជាកម្ទេចគ្រាប់មីនចុងក្រោយ ដើម្បីផ្តល់សេរីភាពក្នុងការរស់រានមានជីវិតដល់អ្នកដែលកំពុងត្រូវបានគំរាមកំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ការបង្ហាញក្តីសង្ឃឹមបែបនេះរបស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano ដែលជាការបោះជំហានមួយនៃការចូលរួមគាំទ្រពីវិស័យឯកជន ក្នុងវិស័យមីនមនុស្សធម៌នៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Anthony Galliano និងសមាជិក ដែលមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។
ទេសរដ្ឋមន្រ្តី បានលើកឡើងថា៖ «ប្រទេសកម្ពុជា បានងើបចេញពីសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូតត្រង់ និងរាំងស្ទះដល់ការអភិវឌ្ឍជាតិ ដែលភាគច្រើនការបាត់បង់ជីវិតរបស់ពួកគាត់នៅលើដីដែលគាត់គិតថាមានសុវត្ថិភាពសម្រាប់ការចាប់ផ្តើមកសាងជីវិតថ្មី និងអនាគតថ្មី ក្រោយពីសង្រ្គាម។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្រោមការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តនាពេលកន្លងមក និងនាពេលបច្ចុប្បន្ននេះ»។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូចជាវិស័យឯកជន បន្តការជួយគាំទ្រ ផ្តល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន»។
ទេសរដ្ឋមន្រ្តី បានបញ្ជាចាក់បន្ថែមថា ការងារបោសសម្អាតមីន គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា និងសូមឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយនៅពេលបេសកកម្មរបស់យើងបានបញ្ចប់ជាមួយគ្នា ថ្ងៃថ្មីនឹងមកដល់ វានឹងក្លាយជាថ្ងៃមួយផ្តល់សុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ដោយសារមីន/គ្រាប់ និងអាចនិយាយបានថា គ្រាប់មីនត្រូវបានបោសសម្អាតហើយ ហើយវីរជនដោះមីនរបស់យើងអាចបង្វែរជំនាញរបស់ពួកគេទៅជួយប្រទេសផ្សេងទៀតក្នុងបេសកកម្មរក្សាសន្តិភាព៕