(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាធុរកិច្ចឡាងឆាង មេគង្គលើកទី៣ ដែលសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានមេគង្គ ក្រោមមូលបទ ការជំរុញកសិពាណិជ្ជកម្ម និងការវិនិយោគ ក្នុងវិស័យកៃច្នៃម្ហូបអាហារ។
វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួម ពីតំណាងវិស័យសាធារណៈ និងវិស័យឯកជន របស់ប្រទេសឡាង ឆាងមេគង្គ ចំនួនជាង១៥០នាក់ នៅរាជធានីភ្នំពេញ និងជាង២០០នាក់ នៅតាមប្រព័ន្ធអនឡាញ។
ក្នុងឱកាសនៃពិធីបើកវេទិកាធុកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូធុរកិច្ច របស់ប្រទេសឡាងឆាងមេគង្គទាំងអស់ និងបានគូសបញ្ជាក់ថា ប្រទេសឡាងឆាងមេគង្គ មានវប្បធម៌ប្រហាក់ប្រហែលគ្នា មានចំណងទាក់ទងជាមិត្តភាពយូរអង្វែង និងមានគោលដៅអភិវឌ្ឍន៍រួមគ្នា ព្រមទាំងមានសក្តានុពលធំធេង សម្រាប់កិច្ចសហប្រតិបត្តិការរួម។
វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងប្រទេសមេគង្គ ដែលមានប្រជាជនសរុបជាង២៤៨លាននាក់។ ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងចំណោមប្រទេសឡាងឆាងមេគង្គ បាននិងកំពុងបន្តកើនឡើងទៅមុខ ទោះបីជារងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។
អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេស ឡាងឆាងមេគង្គ ឆ្ពោះទៅកាន់វិបុលភាពរួម។
ជាតួយ៉ាងកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន បានចូលជាធរមាន នៅខែមករា ឆ្នាំ២០២២នេះ ដែលបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដល់កម្រិតខ្ពស់ក៏ដូចជាជួយអភិវឌ្ឍវិស័យ កសិកម្មកម្ពុជាផងដែរ ព្រោះចិនជាប្រទេសនាំចូល ផលិតផលកសិកម្មពីកម្ពុជា ដ៏ចម្បងជាងគេមួយ ដែលរួមមានផលិតផល៖ អង្ករ ស្វាយ និងចេកជាដើម។
ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន បានអញ្ជើញគណៈប្រតិភូធុរកិច្ច ប្រទេសមេគង្គឡាងឆាង និងធុរជនទាំងអស់ មកបំពេញទស្សនកិច្ច និងសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា ដែលមានសេដ្ឋកិច្ចរឹងមាំ មានទីផ្សារទូលំទូលាយ និងមានកាលានុវត្តភាពសម្បូរបែប។
វេទិកាធុរកិច្ចឡាងឆាងមេគង្គលើកទី៣ គឺជាផ្នែកមួយនៃគម្រោងរយៈពេលវែងដែលគាំទ្រថវិកា ដោយមូលនិធិពិសេស សម្រាប់កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ នៃសាធារណរដ្ឋប្រជាមានិតចិន។
វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅ រយៈពេលពីរថ្ងៃ ដោយផ្តោតលើព្រឹត្តិការណ៍សំខាន់ៗចំនួន៤ រួមមាន៖
១៖ កិច្ចពិភាក្សាអំពីវិស័យកិសឧស្សាហកម្ម កសិពាណិជ្ជកម្ម ការកែច្នៃម្ហូបអាហារ គោលនយោបាយគាំទ្រ បញ្ហាប្រឈម និងកាលានុវត្តភាព និងការចែករំលែកបទពិសោធន៍ របស់ក្រុមហ៊ុនកម្ពុជាក្នុងវិស័យកសិឧស្សាហកម្ម
២៖ ជំនួបពាណិជ្ជកម្ម
៣៖ ពិព័រណ៍ពាណិជ្ជកម្ម
៤៖ ទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនកម្ពុជា ក្នុងវិស័យកសិឧស្សាហកម្ម៕