(ព្រៃវែង)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano ដែលជាជំហានមួយ នៃការចូលរួមគាំទ្រពីវិស័យឯកជន ដើម្បីនាំកម្ពុជា កាន់តែខិតជិតដល់គោលដៅក្លាយជាប្រទេសគ្មានមីន នៅឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការប្រគល់-ទទួលថវិកាសប្បុរធម៌ពីក្រុមប្រឹក្សាភិបាល AmCham ចំនួន ៩,៨៥០ដុល្លារ ដល់អាជ្ញាធរមីន ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង លើផ្ទៃដីមានមីនប្រមាណ ៣,៦ហិកតា ដោយប្រើប្រាស់កម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលនឹងគ្រោងប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន នាពេលខាងមុខនេះ បន្ទាប់ពីទទួលការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តនាពេលកន្លងមក និងនាពេលបច្ចុប្បន្ននេះ ហើយថ្ងៃនេះ ពិតជាពេលវេលាប្រវត្តិសាស្ត្រ ព្រោះមិនដែលមានក្រុមហ៊ុនឯកជនណាមកកាន់អាជ្ញាធរមីន ហើយចូលរួមកិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់វិស័យសកម្មភាពមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano និងសមាជិក សម្រាប់ទឹកចិត្តសប្បុរស ការប្តេជ្ញាចិត្ត និងក្តីមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា និងបានធ្វើឱ្យកាន់តែមានសុវត្ថិភាព ក៏ដូចជាការរំដោះផ្ទៃដីមានមីន ឱ្យកាន់តែលឿនសម្រាប់ប្រជាជនក្នុងខេត្តព្រៃវែង។

នាឱកាសនោះដែរ ទេសរដ្ឋមន្រ្តី មានជំនឿ និងសង្ឃឹមថាសភាពាណិជ្ជកម្មអាមេរិក នឹងបន្តចូលរួមបន្ថែមដល់ការងារបោសសម្អាតមីន រហូតដល់កម្ពុជាសម្រេចបាននូវគោលដៅចុងក្រោយ ដើម្បីផ្តល់សេរីភាពក្នុងការរស់រានមានជីវិតដល់អ្នកដែលកំពុងត្រូវបានគំរាមកំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោក Anthony Galliano បានលើកឡើងថា AmCham មានសេចក្តីសប្បាយរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការចាប់ផ្តើមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈអាជ្ញាធរមីន នៅលើទឹកដីដែលមានក្រុមហ៊ុនឯកជនជាច្រើន ក្នុងក្របខណ្ឌសភាពាណិជ្ជកម្មអាមេរិក បាននឹងកំពុងរកស៊ី និងដាក់ការវិនិយោគនៅទីនេះ៕