(កែប)៖ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់រដ្ឋបាលក្រុងកែប នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ចេញនូវការណែនាំសំខាន់ៗ ៦ចំណុច ដល់រដ្ឋបាលក្រុងកែប និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអនុវត្តន៍ការងារឆ្នាំ២០២២នេះ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ បានធ្វើឡើងនៅសាលប្រជុំសាលាក្រុងកែប ដោយមានការចូលរួមពីលោកស្រី ទិត សុខា អភិបាល ក្រុងកែប លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធ ប្រមាណជាង ១០០នាក់។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលក្រុងកែបនៅពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារសំខាន់សម្រាប់ ទាំងអស់គ្នាធ្វើការវាយតម្លៃ អំពីលទ្ធផលការងារ ដែលរដ្ឋបាលក្រុងបានខិតខំប្រឹងប្រែងសម្រេចបាន និងរួមគ្នាធ្វើការពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅ សេសសល់ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារ សម្រាប់អនុវត្តក្នុងកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត នៅតាមថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់។
អនុសាសន៍ណែនាំបន្ថែមទាំង ៦ចំណុច របស់លោក សោម ពិសិដ្ឋ រួមមាន៖
* ទី១៖ សហការពន្លឿនការដោះស្រាយដោយយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងទិន្ន័យស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លី ដែលកំពុងកាន់កាប់នៅលើទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាម ក្រុង ស្រុក នីមួយៗឱ្យបានច្បាស់លាស់។
*ទី២៖ ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស ចៀសវាងទុកវិវាទទាំងនោះយូរ នាំឱ្យស្មុគស្មាញក្នុងការដោះស្រាយ។
*៣៖ ត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមសហការការពារព្រៃឈើទាំងអស់គ្នា។
*៤៖ រដ្ឋបាលក្រុងត្រូវរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តន៍នូវប្រព័ន្ធកសាងផែនការអភិវឌ្ឍ រយៈពេល ៥ឆ្នាំ ។
*៥៖ ត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈម និងផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។
*៦៖ ត្រូវពង្រឹងអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ក្នុងពេលនេះ និងរយៈពេលបន្តទៀតក្នុងប្រទេសកម្ពុជា។
លោកអភិបាលខេត្ត ក៏បានកោតសសើរចំពោះកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ សប្បុរសជន អ្នកពាក់ព័ន្ធនានា និងជាពិសេស គឺការសហការនិងការចូលរួមពីប្រជាពលរដ្ឋ។
នាឱកាសនោះលោក សោម ពិសិដ្ឋ ក៏បានប្រគល់ប័ណ្ណសរសើរ ដល់មន្ត្រីឆ្នើម និងប្រគល់ អង្ករ និងមី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់រដ្ឋបាលក្រុងកែប មួយចំនួនផងដែរ៕