(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បាននាំអំណោយចែកមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រលំផ្ទះនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្សោមអក អភិបាលរងខេត្ត លោកអភិបាលស្រុកកំពង់ត្របែក និងសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក មេភូមិ មេឃុំ ជាមួយនិងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦០គ្រួសារ។

ឆ្លៀតក្នុងឱកាសនេះ លោក ជា សុមេធី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ ជាពិសេសនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីនោះឡើយ។

លោកបានបញ្ជាក់ថា សម្រាប់ការចែកអំណោយពេលនេះ ថ្វីបើមានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនជាបឋម ហើយបញ្ហាសំខាន់ដែរនោះ សូមបងប្អូនត្រូវបង្កើនការយកចិត្តទុក្ខដាក់លើការងារ បង្កបង្កើនផលបន្ថែមទៀត គឺដាំដុះចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងសហគមន៍ឲ្យបានកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកជា សុមេធី បានកោតសរសើរដល់ថ្នាក់ដឹកនាំសាខា អនុសាខាខេត្តស្រុក ដែលបានខិតខំចុះត្រួតពិនិត្យ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ហើយបានធ្វើសេចក្តីរាយការណ៍ទាន់ពេលវេលា ដើម្បីអោយក្រុមឆ្លើយតបគ្រោះមហន្តរាយចុះត្រួតពិនិត្យ ជាក់ស្តែងក្នុងការដោះស្រាយជាស្បៀង អាហារ និងសម្ភារប្រើប្រាស់ចាំបាច់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានាពេលនេះ។

ទន្ទឹមនឹងនេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូន គណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

សូមបញ្ជាក់ថា ចំពោះគ្រោះខ្យល់កន្ត្រាក់បាក់រលំផ្ទះបងប្អូនប្រជាពលរដ្ឋនេះ គឺកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយរងគ្រោះធ្ងន់ធ្ងរចំនួន១០គ្រួសារ និងរងគ្រោះមធ្យមចំនួន ៤៩គ្រួសារ រួមទាំងរបួស ១នាក់ស្មើនឹង៥ភូមិ។
សម្ភារដែលបានផ្តល់ជូននោះមាន គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គ.ក តង់១ កន្ទេល១ ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) ឃីតអនាម័យ១កញ្ចប់ (ជែលលាងដៃ១ដប ម៉ាក់ និងសាប៊ូ protex ២ដុំ) មី១កេស ត្រីខ១យួរ និងថវិកា១០ម៉ីនរៀល និងគ្រួសាររងគ្រោះ មធ្យមទទូលបានអង្ករ ២៥គ.ក កន្ទេល១ ឃីត១កញ្ចប់ ឃីតអនាម័យ១កញ្ចប់ មី១កេស ត្រីខ១យួរ និងថវិកា៥ម៉ីនរៀលផងដែរ៕