(ភ្នំពេញ)៖ សិស្សានុសិស្សប្រមាណ ២៥០០នាក់ មកពីវិទ្យាល័យចំនួនពីរ ក្នុងខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ បានចូលស្តាប់ និងទទួលនូវគន្លឹះសំខាន់ៗមួយចំនួន ដើម្បីស្វែងរក និង ឈានទៅកាន់ភាពជោគជ័យក្នុងជីវិត ក៏ដូចជាក្នុងការសិក្សា ពីវាគ្មិន ដែលទទួលបានភាពជោគជ័យនៅក្នុងសង្គម។
គន្លឹះឈានទៅរកភាពជោគជ័យនេះ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីអប់រំមួយឈ្មោះថា «យុវជនឆ្ពោះទៅរកវិថីជោគជ័យ» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
កម្មវិធីអប់រំនេះ មានការចូលរួមពីវាគ្មិន ដែលមានបទពិសោធន៍ និង ទទួលបានជោគជ័យនៅក្នុងជីវិត ក៏ដូចជាវិថីជំនួញផងដែរ។
លោក ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី និង ជាសមាជិកសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ហើយក៏ជាពាណិជ្ជករជោគជ័យមួយរូបដែរនោះ បានលើកបង្ហាញនូវគន្លឹះសំខាន់ៗជាច្រើនជូនដល់សិស្សនុសិស្ស ដែលបានចូលរួម ។
លោក ហេង វុទ្ធី បានណែនាំដល់សិស្សានុសិស្សថា ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត ត្រូវអនុវត្តន៍តាមវិធីសាស្រ្តចំនួន ៥ចំណុចរួមមាន៖ ១. កំណត់គោលដៅជីវិត ២. កំណត់គុណតម្លៃជីវិត ៣. បង្កើនចំណេះដឹង ៤. បង្កើនទំនាក់ទំនង និង ៥. រក្សាសុខភាពឱ្យបានល្អ។
លោកបណ្ឌិត ហេង វុទ្ធី បានបន្ថែមថា ដើម្បីសម្រេចនូវចំណុចទាំង ៥ខាងលើនេះ យុវជន-យុវនារី ត្រូវមានសមត្ថភាព ៥យ៉ាងបន្ថែមទៀត។ សមត្ថភាពទាំង ៥នោះ រួមមាន៖ ១. សមត្ថភាពជំនាញ, ២. សមត្ថភាពគំនិតច្នៃប្រឌិត, ៣. សមត្ថភាពភាសាបរទេស, ៤. សមត្ថភាពប្រើបច្ចេកវិទ្យាព័ត៌មាន និង ៥. សមត្ថភាពចំណេះដឹងទូទៅ។
ក្រៅពីការផ្តល់គន្លឹះសំខាន់ៗ សម្រាប់ឈានទៅរកភាពជោគជ័យហើយនោះ លោក ហេង វុទ្ធី បានលើកទឹកចិត្តដល់សិស្សា នុសិស្សត្រូវធ្វើជាកូនល្អ សិស្សល្អ និង មិត្តល្អ ហើយជៀសវាងពីការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តអំពើលួច ឆក់ ប្លន់៕