(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះចំនួន ៩៩គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១។

ក្នុងឱកាសនោះ ចៅសង្កាត់ទួលស្វាយព្រៃទី១ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដែលជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ ដោយយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាពិសេសអ្នកទីទាល់ក្រ និងជនចាស់ជរា។ល។និង។ល។

សំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗនាពេលនោះ លោកអភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកអភិបាលខណ្ឌបឹងកេងកង បានបន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនសូវច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌក្នុងការបម្រើការងារ និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានល្អប្រសើរ ពិសេសនាឱកាសជិតដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីនៅពេលខាងមុខនេះ។ អំណោយនេះនឹងបានជួយដោះស្រាយចែករំលែកការលំបាកបានមួយគ្រាផងដែរ នៅពេលប្រជាពលរដ្ឋជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានោះ លោក ធឹម សំអាន បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឱ្យដឹងថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ ១០គីឡូ, មី ចំនួន១៥កញ្ចប់, ទឹកសុីអុីវ ២ដប, ជែល ១ដប និងម៉ាស ១កញ្ចប់ ផងដែរ៕