(ស្ទឹងត្រែង)៖ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី អ្នកសង្កេតការណ៍របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីប្រមូលវិភាគទានជួយជនរងគ្រោះ និងងាយរងគ្រោះស្ត្រី-កុមារ និងធ្វើបទបង្ហាញស្តីពីសមិទ្ធផលរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២១។
ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាប្រធានប្រតិបត្តិសមាគមនារី លោកស្រី កង សាវ៉ន អនុប្រធានប្រតិបត្តិសមាគមនារីខេត្ត រួមនឹងសមាជិកសមាជិកាក្រុមចលនាស្រ្តីខេត្តស្ទឹងត្រែង។
ក្នុងកិច្ចប្រជុំនោះដែរ លោកស្រី សន សុខាប្រធានប្រតិបត្តិសមាគមនារីខេត្ត បានឡើងធ្វើបទបង្ហាញរបាយការណ៍រើករីកចម្រើនរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ឆ្នាំ២០២១ និងបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចនាពេលនេះ គឺដើម្បីប្រមូលវិភាគទានជួយជនរងគ្រោះ និងងាយរងគ្រោះស្ត្រី-កុមារ និងធ្វើបទបង្ហាញស្តីពីសមិទ្ធផលរបស់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២១។
ប្រធានប្រតិបត្តិសមាគមនារីខេត្តរូបនេះ បានលើកឡើងក្នុងកិច្ចប្រជុំថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍មានគោលបំណងបំផុសនារី ឱ្យរួមសាមគ្គីឯកភាពគ្នា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី និងក្មេងស្រី ចូលរួមលើកកម្ពស់តួនាទីនៅក្នុងសង្គម តាមរយៈការអប់រំនារីឱ្យមានការផ្លាស់ប្តូរឥរិយាបទ ពីទស្សនៈ ការយល់ដឹង បង្កើនការជំនឿជាក់លើខ្លួនឯង ចូលរួមអនុវត្តច្បាប់ និងធ្វើសេចក្តីសម្រេចនានាក្នុងសង្គម និងគ្រួសារ និងជាពិសេសចូលរួមលើកកម្ពស់សុខុមាលភាពរបស់ស្រ្តី និងក្មេងស្រី ដោយផ្តល់ការអប់រំ ឧបត្ថម្ភ គាំទ្រជាស្មារតី ចំណេះដឹង ជំនាញ សម្ភារៈ និងឥណទានសមស្របតាមគ្រប់មធ្យោបាយប្រកបដោយបរិយាប័ន្ន។
លោកស្រីបន្ថែមថា ទិសដៅបន្តការងារឆាំ្ន២០២២ បន្តចុះជួបជាមួយស្ត្រីងាយរងគ្រោះ និងរងគ្រោះ តាមភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្រុង ស្រុក ទាំង៦ក្នុងខេត្ត និងបន្តចុះអប់រំផ្សព្វផ្សាយពីការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ចុះអប់រំផ្សព្វផ្សាយឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាព និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្តដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដើម្បីទទួលបានប្រាក់ឧបត្ថម្ភគាំពារសង្គម៕