(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនភ្លាមៗទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ធំ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកឈើមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិរំចេក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ នៅវេលាម៉ោង ៦៖០៥នាទីព្រឹកនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ បានបើកបរយ៉ាងលឿនក្នុងទិសដៅ ពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបែកកង់ផ្នែកខាងក្រោយ បណ្តាលឲ្យរេចង្កូចក្រឡាប់តែម្តង។

ដោយឡែកមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរម្មណីយ៍ម្នាក់ បាននិយាយឲ្យដឹងថា រថយន្តខាងលើបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀត (ប្រុស២ ស្រី១) ដោយមិនស្គាល់អត្តសញ្ញាណបានរងរបួសធ្ងន់ទាំង០៣នាក់។

លោកថា ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ចំណែករថយន្តខាងលើត្រូវបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង ហើយឈើត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ទាក់ទងនឹងហេតុការណ៍ក្រឡាប់រថយន្តដឹកឈើនេះ ប្រជាពលរដ្ឋនិយាយថា នេះជាចំណាត់មិនមានប្រសិទ្ធភាពរបស់មន្ត្រីជំនាញនៅស្រុករវៀង ពិសេសផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ នៅស្រុករវៀងនេះផងដែរ។ បើកុំតែរថយន្តដឹកឈើនេះបែកកង់ក្រឡាប់ ម្ល៉េះក៏គេមិនដឹងថា មានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នៅលើដងផ្លូវនេះដែរ បញ្ហានេះគួរតែអាជ្ញាធរខេត្តព្រះវិហារ ត្រួតពិនិត្យសមាសភាពមន្ត្រីជំនាញ នានាមួយចំនួននៅតាមដងក្នុងភូមិសាស្ត្រស្រុករវៀងផង៕