(កំពង់ឆ្នាំង)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម ដែលទើបតែងតាំងកាលពីពេលថ្មីនេះ បានប្រកាសបើកដំណើរការ «អង្គការយុវជនកិច្ចការសង្គម» នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសិស្ស ប្រមាណជា៣០០នាក់។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook របស់កញ្ញា ធី សុវណ្ណថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ «អង្គការ យុវជនកិច្ចការសង្គម» ដែលមានទីតាំងស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីក្រសួងមហាផ្ទៃបាន ចុះបញ្ជីទទួលស្គាល់អង្គការរបស់នាងរួចរាល់មកនោះ។
អង្គការ «យុវជនកិច្ចការសង្គម» មានកញ្ញា ធី សុវណ្ណថា ជាប្រធាន ហើយបំណងដែលនាងបើកអង្គការមួយនេះ ដើម្បីចូលរួមប្រើដល់សកម្មភាពសង្គម ធ្វើការបង្ហាត់បង្រៀនជំនាញផ្សេងៗ ជូនដល់កុមារកំព្រា និងក្រីក្រជាសិស្សសាលាចំនួន៧៥នាក់ផងដែរ។
កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹង លោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ហើយថាសំណងជាទឹកប្រាក់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា៕