(ព្រះវិហារ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដាក់ចេញបញ្ហាគន្លឹះចំនួន១០ចំណុច សម្រាប់មន្ទីរសុខាភិបាលខេត្តយកទៅអនុវត្តនៅក្នុងឆ្នាំ២០២២នេះ។
នៅក្នុងឱកាសនេះដែរលោក ប្រាក់ សុវណ្ណ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត មន្ត្រីរាជការ បុគ្កលិកសុខាភិបាលក្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដែលបានសហការរៀបចំ សន្និបាតដ៍មានសារសំខាន់នេះឡើង ក្នុងគោលបំណងចម្បងធ្វើការឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធិផល និងលទ្ធផលការងារសុខាភិបាល ដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ ទាំងចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងការងារសេសសល់ដទៃទៀត ដើម្បីរួមគ្នាពិភាក្សា ផ្តល់យោបល់ ធ្វើការកែលម្អ លើកទិសដៅសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្ត និងបង្កើនប្រសិទ្ធភាពការងារក្នុងឆ្នាំបន្ទាប់។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងដោយក្តីមោទនភាពក្រៃលែង ចំពោះការផ្តល់សេវាសុខាភិបាល ត្រូវបានគិតគូរយកចិត្តទុកដាក់ ពង្រឹងជាប់ជាប្រចាំនិងទទួលបានលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់ការចម្លង រាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហគមសម្រេចបានជោគជ័យ និងក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញដើម្បីបង្កើតនូវភាពសាំប្រឆាំងនឹងវីរុសកូវីដ១៩ ក្នុងសហគមន៍ និងការគ្រប់គ្រងបានល្អកម្រិតហានិភ័យលើសុខភាពសាធារណៈ ទោះបីការឆ្លងរីករាលដាលកូវីដ១៩ ក្នុងសហគមន៍នៅតែបន្តកើតមានឡើងក៏ដោយ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ប្រាក់ សុវណ្ណ បានថ្លែងអរគុណ និងកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី ជំនះរាល់ឧបសគ្គ តស៊ូអត់ធ្មត់ក្នុងឧត្តមគតិ និងសតិសម្បជ្ជញ្ញៈ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្កលិសុខាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងវិស័យពាក់ព័ន្ធទាំងអស់ រួមទាំងមូលដ្ឋានសេវាសុខាភិបាលឯកជនផងដែរ ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពវិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហារ គួរឱ្យកត់សម្គាល់។ ហើយឈរលើបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយ ដែលយើងទទួលបានក្នុងការអនុវត្តផែនការ ឆ្នាំ២០២១ យើងមានទំនុកចិត្តថាវិស័យសុខាភិបាលនិងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពថ្មីៗ ជាច្រើនថែមទៀត ក្នុងការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២២និងឆ្នាំបន្តបន្ទាប់។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងដាក់ចេញនូវបញ្ហាគន្លឹះចំនួន១០ចំណុច សម្រាប់មន្ទីរសុខាភិបាលខេត្តយកទៅអនុវត្តរួមមាន៖
*ពង្រឹងសេវាសុខាភិបាលទាំងផ្នែកសាធារណៈនិងឯកជន។
*យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព ជំនាញ វិជ្ជាជីវៈ ដល់មន្ត្រីនិងបុគ្កលិកសុខាភិបាល។
*តាមដានត្រួតពិនិត្យនិងវាយតម្លៃគុណភាពសេវា ឱ្យបានទៀងទាត់ គិតទាំងគុណភាពសេវាក្នុងវិស័យឯកជនផងដែរ។
*រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសុខាភិបាល។
*ការតាមដាននិងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ លើអនាម័យចំណីអាហារ នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន អ្នកលក់ដូរចល័ត។
*រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវផ្តល់កិច្ចសហការឱ្យបានល្អ ជាមួយមន្ទីរសុខាភិបាល ក្នុងការត្រួតពិនិត្យនិងលុបបំបាត់សេវាឯកជនខុសច្បាប់ ការផ្សព្វផ្សាយអាហារបំប៉នដែលគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល។
*មន្ទីរទេសចរណ៍ត្រូវតែសហការគ្នាឱ្យបានល្អប្រសើរ ជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការចេញអាជ្ញាបណ្ណ ដល់ភោជនីយដ្ឋាននិងអាហារដ្ឋាន។
*ពង្រឹងយន្តការលើកលែងការបង់ថ្លៃសេវា ដល់ប្រជាពលរដ្ឋក្រីក្រ កម្មករ និយោជិត។
*ពង្រឹងកិច្ចដំណើរការក្រុមការងារពិសេស លុបបំបាត់ជំងឺក្រុនចាញ់ខេត្ត៕