(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត នាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៨គ្រួសារនៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានសំណេះសំណាលជាមួយប្រជាពលរដ្ឋថា គ្រោះធម្មជាតិតែងតែកើតឡើងនៅគ្រប់ទីកន្លែងតែគ្មានអ្នកណាចង់បាននោះទេ ប៉ុន្តែយើងចៀសមិនរួចឡើយ។ ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមសោកស្ដាយចំពោះផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះខូចខាតដោយខ្យល់កន្ត្រាក់ រលំផ្ទះ របើកដំបូល និងជញ្ជាំង។

លោកក៏សូមឱ្យបងប្អូនចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាអនាម័យ និងអនុវត្តនូវវិធានរបស់រាជរដ្ឋាភិបាលគឺ «៣កុំ និង៣ការពារ» ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលចូលក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានថ្លែងថា ទីណាជួបការលំបាកដូចជាគ្រោះធម្មជាតិ ទីនោះមានកាកបាទក្រហមតែងតែចុះមកជួយដោះស្រាយរាល់ការលំបាក របស់បងប្អូនជានិច្ចនៅគ្រប់មូលដ្ឋាន។

ថ្ងៃនេះដែរលោកស្រី សូមពាំនាំនូវបណ្តាំផ្ញើសួរសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបាននាំយកអំណោយកាកបាទក្រហមមកផ្តល់ជូនបងប្អូនប្រជា ពលរដ្ឋចំនួន៨គ្រួសារ ដោយក្នុងមួយគ្រួសា រៗទទួលបានអង្ករ២៥គីឡូ, មី១កេះ, ឃីត ១កញ្ចប់ និងថវិកាចំនួន១០ម៉ឺនរៀល។ ដោយឡែក ផ្ទះប្រជាពលរដ្ឋរងគ្រោះរលំផ្ទះធ្ងន់ជាងគេ១គ្រួសារ ទទួលបានថវិកាបន្ថែមចំនួន៥០ម៉ឺនរៀល។

លោកមេឃុំអភិវឌ្ឍន៍ បានបញ្ជាក់ដែរថា ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង បានរងគ្រោះដោយខ្យល់កន្ត្រាក់មានរលំបាក់ដល់ដី១ខ្នង និងរបើកដំបូលរបើកជញ្ជាំង៧ខ្នង កាលពីរសៀលថ្ងៃទី២៧ ខែមីនា នៅក្នុងភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕