(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានផ្តល់ប័ណ្ណសរសើរ ជូនអង្គភាពព័ត៌មាន Fresh News បន្ទាប់ពីបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ការផ្តល់ប័ណ្ណសរសើរនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង។

លិខិតសរសើរដែលចុះហត្ថលេខា និងប្រគល់ដោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា «សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ អង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក»។

សូមជម្រាបថា ជាប្រចាំថ្ងៃ អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយសារអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា។ ជាមួយគ្នានេះ Fresh News នៅតែបន្តប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងផ្សព្វផ្សាយ អប់រំ ដើម្បីរួមចំណែកលុបបំបាក់គ្រឿងញៀននៅកម្ពុជា៕