(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ ដូច្នេះត្រូវការពារឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។

ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាចំនួន ៧០លានរៀល របស់សម្តេចពិជ័យសេនា ឧបត្ថម្ភជូនដល់នាយ និងពលទាហាន នៅទីបញ្ជាការទិសយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាពដែលឈរជើងប្រចាំការ នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៣ និងគណៈបញ្ជាការ កងឯកភាពទិស ប្រមាណ១១អង្គភាព។

ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសកំពុងត្រៀមលក្ខណៈសម្បត្តិរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងទៅកាន់នាយ និងពលទាហាន នៅឯទីបញ្ជាការយោធភូមិភាគទី៣ នាឱកាសនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា នយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមរតក ដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះឈ្នះនេះហើយ ដែលបាននាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពចំណុះឱ្យយោធភូមិភាគទី៣ សម្រេចបានក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូន កូនក្មួយ ជំនាន់ក្រោយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា រយៈពេលជាង២៣ឆ្នាំកន្លងមកនេះ ដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជា ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពជាតិ ទឹកដីបន្ទាប់ពីការបែកបាក់ជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា បើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានកសាងតាំងពីបាទដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ នៃការបង្រួបបង្រួមជាតិ របស់សម្ដេចតេជោ ដោយគ្មានអ្នកឈ្នះ នឹងក៏គ្មានអ្នកចាញ់ គឺឈ្នះៗ ទាំងអស់គ្នា។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។

នាយឧត្តមសេនីយ៍ ក៏បានបន្តផ្តល់អនុសាសន៍ណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ឱ្យបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាល ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា និងប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ ដែលកំពុងបន្តការរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅលើសកលលោក និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធាការសុខាភិបាល «៣កុំ និង៣ការពារ» ក្រោមទិសស្លោកថា «ការពារខ្លួនអ្នក គឺការពារគ្រួសារនឹងមិត្តក្នុងសហគមន៍»។

ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ បានរាយការណ៍អំពីសភាពការណ៍សន្តិសុខទូទៅ នៅក្នុងភូមិសាស្ត្រតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ទាំងព្រំដែនទឹក និងព្រំដែនគោក ក្នុងភូមិសាស្ត្រដែលយោធភូមិភាគទទួលខុសត្រូវ គឺមានសភាពស្ងប់ស្ងាត់ជាធម្មតា បើទោះបីជាកន្លងមកមានភាពមិនប្រក្រតីខ្លះៗ បានកើតឡើងថ្មីៗក៏ពិតមែន តែរាល់សភាពការណ៍ទាំងនោះ យើងបានពុះពារធ្វើការ ដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងដោយសន្តិវិធី ដើម្បីបញ្ជៀសបាននូវការប្រឈរមុខដាក់គ្នា ដោយប្រដាប់អាវុធ រវាងប្រទេសទាំង៣។

ឧត្តមសេនីយ៍ឯក យឿង សុខុន បានបន្តថា ដោយអនុវត្តន៍បាននូវយុទ្ធសាស្រ្ត០៣ សកម្មភាព១០ និងបទបញ្ជា១១ ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញកន្លងមក ហើយរហូតមកដល់ពេលនេះ យើងមានការទំនាក់ទំនងបានកាន់តែល្អ ជាមួយភាគីកងកម្លាំងវៀតណាម និងថៃ ដោយបានប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដោយសារបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ១៩ ឱ្យក្លាយជាតំបន់ព្រំដែន មានសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសប្រជាពលរដ្ឋប្រទេសទាំងបី នៅតែផ្លាស់ប្ដូរទំនិញពីគ្នាទៅវិញទៅមកដោយរលូន៕