(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បណ្ដាលឱ្យរលំផ្ទះ២ខ្នង ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ក្នុងឱកាសចុះផ្តល់អំណោយមនុស្សធម៌នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកឡុង រដ្ឋារក្ស ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ បានចូលរួមសោកស្តាយជាខ្លាំង ចំពោះឧបទ្ទវហេតុនេះ និងលើកទឹកចិត្តគ្រួសាររងគ្រោះឲ្យរឹងមាំហើយធ្វើការជួសជុលផ្ទះឡើងវិញ។
ជាមួយនេះដែរ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ បន្តចូលរួមគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលអំពីជំងឺកូវីដ-១៩ ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ។
សូមបញ្ជាក់ផងដែរ អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ទឹកបរិសុទ្ធ១យួរ និងថវិកា ៨ម៉ឺនរៀល ។ ហើយក៏មានសប្បុរសជនបានឧបត្ថម្ភថវិកាបន្ថែមមួយចំនួនផងដែរ សម្រាប់គ្រួសារនីមួយៗ៕