(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា លោកនឹងរៀបចំដាក់បញ្ជូន ឈ្មោះបុគ្គលណាក៏ដោយតែងតែ រំលោភយកដីប្រជាពលរដ្ឋ ទោះមានឋានៈអ្វីក៏ដោយក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ហើយលោកក៏នឹងរាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
ការថ្លែងព្រមានរបស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា យ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៃ ក្នុងរបស់មន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នេះបើតាមការបញ្ជាក់ របស់មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
លោក ជា សុផារ៉ា បានថ្លែងថា «ខ្ញុំនឹងការបញ្ចូលក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះ ឬផ្ទេរកម្មសិទ្ធិ និងរាយការណ៍ ជូនសម្តេចរាល់បុគ្គលណា ដែលតែងតែមានករណីរំលោភ យកដីប្រជាពលរដ្ឋ ទោះឋានៈធំប៉ុណ្ណាក៏ដោយ»។
មន្ត្រីដដែលបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រីបញ្ជាឲ្ យមន្ត្រីរបស់ក្រសួងរៀបចំដែនដីទាំងអស់ មិនត្រូវចុះហត្ថលេខា លិខិតស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ជូនបុគ្គលដែលមានឈ្មោះ ក្នុងបញ្ជីខ្មៅរបស់ក្រសួងជាដាក់ខាត៕