(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣.៥លានដូសទៀត បានត្រូវដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។ ខណៈវ៉ាក់សាំងប្រមាណ ១.៥លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ សរុបចំនួន៥លានដូស។

ក្នុងឱកាសអញ្ជើញពិនិត្យការដឹកមកដល់នូវវ៉ាក់សាំងជំនួយជាថ្មីរបស់ចិន នាព្រឹកថ្ងៃទី៣០ ខែមីនា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់ចិន ដែលបានដឹកមកដល់នេះនឹងយកទៅបម្រើដល់ដំណើរការចាក់ដូសជំរុញ។

បើតាមលោកស្រី យក សម្បត្តិ វ៉ាក់សាំងជាជំនួយរបស់ចិន ប្រមាណ ១៥លានដូសទៀត ដែលមិនទាន់ដឹកមកនោះ កំពុងស្ថិតក្នុងការជជែកគ្នា ហើយអាចនឹងរៀបចំដឹកមកកម្ពុជាក្រោយខែកញ្ញា ឆ្នាំ២០២២។ ផែនការរៀបចំបែបនេះ ក៏ដោយសារតែក្នុងចន្លោះខែមេសា រហូតដល់ខែកញ្ញា កម្ពុជា មានផែនការទទួលវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ និងប្រទេសជាមិត្តមួយចំនួនទៀត រហូតដល់ទៅ៧លានដូស។