(ភ្នំពេញ)៖ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានបន្ដបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៤ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងដល់ភា្នក់ងារសន្ដិសុខឯកជន។ ពិធីបើកវគ្គនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ម៉ែន សំអាន អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន តំណាងលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

ថ្លែងក្នុងឱកាសនោះ ជំនួសមុខឲ្យប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន លោកឧត្តមសេនីយ៍ទោ ម៉ែន សំអាន បានសម្តែងនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់។

លោកអនុប្រធាននាយកដ្ឋានបានបន្ដថា ថ្ងៃនេះជាឱកាសមួយដ៏សំខាន់ ក្នុងការបន្តបើកវគ្គបំប៉នភ្នាក់ងារសន្តិសុខឯកជន ឲ្យមានសមត្ថភាព ដើម្បីចូលរួមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសង្គមជាតិទាំងមូល។ លោកក៏បានរំលឹកផងដែរ អំពីការចូលរួមកន្លងមករបស់ភ្នាក់ងារសន្ដិសុខឯកជន ជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសជាមួយកងកម្លាំងនគរបាលជាតិ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពក្នុងសង្គម។

លោកឧត្តមសេនីយ៍ទោ ម៉ែន សំអាន ក៏បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន និងបានចូលរួមផ្សព្វផ្សាយព្រមទាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសគឺបានចូលរួមសហការជាមួយនគរបាលជាតិក្នុងពេលកន្លងមក និងទៅអនាគត។

លោកបានបន្ថែមថា នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ចការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកឧត្តមសេនីយ៍ទោ ម៉ែន សំអាន បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់ វាឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិទាំងមូល ព្រមទាំងសូមឲ្យសិក្ខាកាមទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ ពិសេសអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕