(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យយប្រេីប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ ប្រវែង ២,៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់០,១៥ម៉ែត្រ ស្ថិតនៅព្រំប្រទល់ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ និងភូមិអញ្ជែងលេី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត, លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងលោក ប៊ុន ផេង អភិបាល ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួន និងប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង សម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកអគ្គបណ្ឌិតសភាចារ្យ ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាក ជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់កាលៈទេសៈទាំងអស់។
បន្ថែមពីនេះលោកអភិបាលខេត្ត បានឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ និងសមាជិកចូលរួមប្រមាណ ៥០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀល និងសារុងចំនួន១ផងដែរ៕