(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា ខ្លួនកំពុងអន្តរាគមន៍ជួយដល់ ពលរដ្ឋខ្មែរ៧នាក់ ដែលបានជួបការលំបាកខ្លាំងពេលទៅធ្វើការនៅក្រៅប្រទេស។ ពលរដ្ឋខ្មែរ៧នាក់នោះមាន ៣នាក់ធ្វើការនៅម៉ាឡេស៊ី ៣នាក់ធ្វើការនៅប្រទេសឥណ្ឌូនេស៊ី ម្នាក់ទៀតជាស្រ្តីខ្មែរដែលបានរងគ្រោះដោយសារការរៀបការប្តី ទៅប្រទេសចិន។
ពលការិនីខ្មែរ៣នាក់ដែលជួបប្រទះការលំបាកនៅប្រទេសម៉ាឡេស៊ីរួមមាន ទី១. សេង សុន្នា មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ តាមរយៈ ក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ។ ទី២- រុន ធីម មានស្រុកកំណើតនៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី និង ទី៣-អ៊ំ ថូរ៉េន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៥។ ពលការិនីទាំង០៣ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះ AK 536 ។
ចំណែក ពលករខ្មែរ ដែលរងគ្រោះនៅប្រទេសឥណ្ឌូណេស៊ី រួមមានទី១.ហេង សុធា ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាសែន ឃុំទ្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកទោស ដែលទើបត្រូវបានដោះលែង។ ទី២.ប៊ុន សំបូរ ភេទស្រី អាយុ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិគារ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងកូនប្រុស អាយុ ០៩ ខែ ឈ្មោះ Pettra ។ មុនពេលទៅប្រទេស ឥណ្ឌូណេស៊ី ស្រ្តីខ្មែររូបនេះមានមុខរបរជាបុគ្គលិកអនាម័យ នៅកាស៊ីណូ នៅប៉ោយប៉ែត និងបានស្គាល់បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលធ្វើការក្នុងកាស៊ីណូជាមួយគ្នា ។ ក្រោយមក បានចាញ់បោកការលួងលោមពីសំណាក់បុរសម្នាក់នោះ ដោយសន្យាថានឹងរត់ឯកសាររៀបការស្របច្បាប់ ប៉ុន្តែពុំបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវទេ បុរសរូបនេះ បានបង្ខាំង និងវាយធ្វើបាបជាច្រើនដង។ ស្រ្តីរូបនេះបាននាំកូនប្រុស ឈ្មោះ Pettra ទៅស្ថានទូត ដើម្បីសុំជួយឱ្យបានវិលត្រឡប់មកកម្ពុជា។ ពលរដ្ឋខ្មែរទាំង០៣ ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង១៧៖១០ នាទី តាមជើងយន្តហោះ MH 762 ។
ចំណែកករណីស្តី្រខ្មែរ ដែលរងគ្រោះដោយសារការរៀបការប្តីទៅប្រទេសចិនវិញ ក្រសួងការបរទេសបានអះអាងថា នាងបានចាញ់បោកមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី កាលពីឆ្នាំ ២០១៣ ដោយមានការលំបាក និងមិនអាចរស់នៅជាមួយប្ដីបានតទៅទៀត អោយបានវិលត្រឡប់មកកម្ពុជាវិញ។ ស្រ្តីខ្មែររូបនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង១៣៖២៥ នាទី តាមជើងយន្តហោះ CZ6059៕