(ឧត្តរមានជ័យ)៖ លោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរី ប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត នៃស្រុកអន្លង់វែង ជាទីដែលសង្គ្រាមត្រូវបានបញ្ចប់ និងសន្តិភាពចាប់ផ្តើមកើតមានឡើងវិញ។
លោកស្រីឯកអគ្គរដ្ឋទូត បានក្លាយទៅជាអ្នកការទូតទីពីរ នៃបណ្តាប្រទេសអាស៊ាន ដែលបានអញ្ជើញមកដល់តំនប់អន្លង់វែង ខណៈដែលប្រទេសកម្ពុជា កំពុងធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។
លោកស្រីឯកអគ្គរដ្ឋទូត បានមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីមានគោលបំណងស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រអន្លង់វែង ដែលជាទីតាំងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម។ ស្រុកអន្លង់វែង មានទីតាំងប្រវត្តិសាស្រ្តចំនួន១៤កន្លែង ដែលបម្រើឱ្យគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ។
នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកស្រីអគ្គរដ្ឋទូតនេះ បណ្ឌិត លី សុខឃាង ក៏បានបង្ហាញអំពីកិច្ចការងារមួយចំនួនទាក់ទងនឹងការបង្កើតវេទិកាថ្នាក់រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
បន្ទាប់មក លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើដំណើរឆ្ពោះទៅកាន់អតីតផ្ទះ ប៉ុល ពត និង ខៀវ សំផន, អតីតផ្ទះប្រជុំរបស់ តាម៉ុក នៅលើភ្នំដងរែក និងសារមន្ទីរផ្ទះ តាម៉ុក។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសាកម្ពុជា បានរៀបរាប់យ៉ាងក្បោះក្បាយអំពីទីតាំងប្រវត្តិសាស្ត្រនីមួយៗ និងបានផ្តោតការពិភាក្សាអំពីពាក្យ «សន្តិភាព» ដែលប្រទេសកម្ពុជាបានទទួលនាពេលបច្ចុប្បន្ន។
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានចូលរួមធ្វើអត្ថាធិប្បាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រនៃការធ្វើសង្គ្រាមនៅតំបន់អន្លង់វែង និងការសម្រេចបាននូវសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្ននេះ អន្លង់វែងចាប់ផ្ដើមបោះជំហានទៅរកការប្រែមុខមាត់ថ្មី តាមរយៈការសាងសង់ «ស្តូបឈ្នះ ឈ្នះ អន្លង់វែង»។
មុនពេលវិលត្រឡប់មកវិញ លោកស្រីឯកអគ្គរដ្ឋទូត ត្យូ ឡេឆេង បានសម្តែងនូវការកោតសរសើរចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីសង្គ្រាម និងសន្តិភាពនៅប្រទេសកម្ពុជា ព្រមទាំងបេសកកម្មរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងការអប់រំយុវជនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម៕