(សៀមរាប)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់លោកយាយលោកតាដែលជាជនងាយរងគ្រោះបំផុតចំនួន៦៧គ្រួសារ មកពីសង្កាត់នានាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សកម្មភាពមនុស្សធម៌នេះធ្វើឡើងនៅបរិវេណឧទ្យានសហសវត្សរ៍កាកបាទក្រហមកម្ពុជា ស្ថិតនៅក្បែររមណីយដ្ឋានអង្គរ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ដែលជាថ្ងៃទី២នៃការបំពេញបេសកកម្មការងារនៅខេត្តសៀមរាប ដើម្បីស្រាវជ្រាវនិងចងក្រងអំពីប្រវត្តិនៃការបង្កើតឧទ្យានសហសវត្សរ៍កាកបាទក្រហមកម្ពុជា។

មានមតិស្វាគមន៍នាឱកាសនោះ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានប្រតិភូកាកបាទក្រហមកម្ពុជា ដែលមកដល់ឧទ្យានសហសវត្សរ៍កាកបាទក្រហមកម្ពុជា លើទឹកដីខេត្តសៀមរាប ក្នុងបេសកកម្មចងក្រងប្រវត្តិឧទ្យានសហសវត្សរ៍កាកបាទក្រហមកម្ពុជា សម្រាប់ជាឯកសារផ្ដល់ការយល់ដឹងដល់ប្រជាជនជំនាន់នេះ និងជំនាន់បន្តទៀត ដើម្បីបង្កើនទឹកចិត្តស្រឡាញ់ធម្មជាតិ ព្រៃឈើដែលមានអាយុកាល២៣ឆ្នាំហើយ រួមទាំងការចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះចំនួន៦៧គ្រួសារ ដើម្បីអបអរសាទរខួប៦៧ឆ្នាំនៃកំណើតរបស់កាកបាទក្រហមកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែមានក្ដីនឹករលឹកអាណិតអាសូរចំពោះប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានសកម្មភាពជាប់ជានិច្ចលើកិច្ចការមនុស្សធម៌ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនៅទូទាំងប្រទេសដែលមានការលំបាកខ្វះខាត និងត្រូវការឱ្យជួយ។

ទន្ទឹមនឹងនេះ លោកស្រីបានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យក្នុងការរស់នៅ និងត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងប្រសិទ្ធពរជូនប្រជាពលរដ្ឋមានសុខភាពល្អ មានសិរីសួស្ដី និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

សូមជម្រាបថា ប្រជាពលរដ្ឋងាយរងគ្រោះទាំង៦៧គ្រួសារដែលបានចូលរួមនាឱកាសនោះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដោយក្នុងគ្រួសារនីមួយៗទទួលបានអង្ករ៣០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ភេសជ្ជៈប៉ូការីស្វេត១កេស ទឹកបរិសុទ្ធយានស៊ីងអង្គរ១កេស និងថវិកា៥ម៉ឺនរៀលផងដែរ៕