(សៀមរាប)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពីការចងក្រងឯកសារប្រវត្តិនៃការបង្កើត «ឧទ្យានសហសវត្សរ៍កាកបាទក្រហមកម្ពុជា» ដើម្បីបង្ហាញអំពីសមិទ្ធផលធំធេងរបស់កាកបាទក្រហមកម្ពុជា នាឱកាសប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាលពីឆ្នាំ១៩៩៩ នៅលើទឹកដីនៃខេត្តសៀមរាប។
កិច្ចប្រជុំខាងលើនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា លោក គុជ លីណា តំណាងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធ ដូចជា តំណាងអាជ្ញាធរអប្សរា តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប តំណាងនគរបាលទេសចរណ៍ តំណាងមន្ទីរកសិកម្ម និងក្រុមប្រតិបត្តិ សមាជិក-សមាជិកានៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
លោក គុជ លីណា បានជម្រាបជូនអំពីប្រវត្តិសង្ខេបខ្លះៗ និងដំណើរវិវត្តនៃឧទ្យានសហសវត្សរ៍កាកបាទក្រហមកម្ពុជា ដើម្បីបានជាមូលដ្ឋានក្នុងការពិភាក្សា និងការចងក្រងឯកសារឱ្យបានលទ្ធផលល្អប្រសើរ។
លោកបានបន្តថា ចាប់ពីឆ្នាំ២០១១មក នៅរៀងរាល់ថ្ងៃទី១៨ ខែកុម្ភៈ ជាថ្ងៃកំណើតកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបតែងបានរៀបចំកម្លាំង ដែលមានសមាសភាពមកពីស្ថាប័នពាក់ព័ន្ធ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ចូលរួមធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍ ដែលមកទល់ពេលនេះដើមឈើក្នុងឧទ្យានមានអាយុជាង២០ឆ្នាំហើយ។
នាឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានលើកឡើងថា «គោលបំណងនៃការផលិតឯកសារស្ដីពីប្រវត្តិនៃការបង្កើតឧទ្យានសហសវត្សន៍កាកបាទក្រហមកម្ពុជា គឺដើម្បីបង្ហាញអំពីសមិទ្ធផលធំធេងរបស់កាកបាទក្រហមកម្ពុជានៅក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាលពីឆ្នាំ១៩៩៩ នៅលើទឹកដីនៃខេត្តសៀមរាប»។
លោកស្រីបានរំលឹកឡើងអំពីដំណើរការ និងការវិវត្តរីកចម្រើនរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីចាប់បដិសន្ធិរហូតដល់ដំណាក់កាលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចបានជាប់ឆ្នោតជាប្រធានកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៨។
លោកស្រីអគ្គលេខាធិការរងទី១ បានបន្តលើកឡើងអំពីប្រវត្តិ និងគោលបំណងនៃការបង្កើតឧទ្យានសហសវត្សរ៍កាកបាទក្រហមកម្ពុជា ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ការចងក្រងឯកសារដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ។
ទន្ទឹមនឹងនោះ លោកស្រីក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធសិក្សាអំពីលទ្ធភាពដែលកាកបាទក្រហមកម្ពុជាអាចកែលម្អលើកសោភ័ណភាពឧទ្យាននេះ ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរចូលរួមទស្សនានៅរមណីយដ្ឋានតំបន់អង្គរ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាប្រកបដោយលទ្ធផលយ៉ាងល្អប្រសើររួចមក លោកស្រីអគ្គលេខាធិការរងទី១បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រីចំនួន៣រូប ដែលមានស្នាដៃក្នុងការចូលរួមបម្រើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ មន្ត្រី៣រូបដែលទទួលបានគ្រឿងឥស្សរិយយស និងមេដាយការងារក្នុងឱកាសនេះ រួមមាន លោក ទួន ទេស ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា លោក ភន់ ហែម និងលោក ញឹល សម្បត្តិ ទទួលបានមេដាយមាសការងារ។ មន្ត្រីទាំង៣រូបនេះ ក៏ទទួលបានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជាផងដែរ ដោយម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត៕