(កំពត)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអំពាវនាវដល់ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ខេត្តកំពត ត្រូវតែបន្តចូលរួមក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពដែនដី អធិបតេយ្យភាពជាតិ និងការពារសន្តិសុខជាតិ ឱ្យបានរឹងមាំ ពិសេសត្រូវបន្តរក្សាសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និងឱ្យបានខ្លាំងក្លាបំផុត។

ការអំពាវនាវបែបនេះ ខណ:លោកទេសមន្ត្រី ចម ប្រសិទ្ធ ចូលរួមជាអធិបតីភាព ក្នុងឱកាស នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពត ដែលប្រព្រឹត្តធ្វើឡើងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីសំណាក់ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តកំពត ម៉ៅ ធនិន ព្រមទាំងប្រតិភូអមដំណើរ សមាជិក សមាជិកាក្រុមការងារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បញ្ជាក់ថា «សុខសន្តិភាព ស្ថេរភាពនយោបាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយចីរភាព ដោយមានការចូលរួមនិងបរិញ្ញាប័ណ្ណ ព្រមទាំងមានភាពសុខដុមនៅក្នុងសង្គមជាតិ»

ទន្ទឹមនេះ លោកបណ្ឌិត ចម ប្រសិទ្ធ ក៏បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងក្រសួងស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពត ដែលបានខិតខំអនុវត្តការងារកន្លងមក ទទួលបានលទ្ធផលល្អ និងប្រកបដោយគុណភាព។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំដាក់ចេញនូវគោលការណ៍ និងវិធានការនានា ជាមួយការគាំទ្រ ការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបំរើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបណ្ឌិត ចម ប្រសិទ្ធ សង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តកំពត នឹងអាចបំពេញបានតាមយន្តការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ជូន នៅក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ពិសេសអាចទទួលបាននូវការអាណិត ស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រ ពីប្រជាពលរដ្ឋ ចំពោះគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលបន្តទៀត។ លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងការពេញចិត្តចំពោះរបៀបរបបធ្វើការ និងដឹកនាំរបស់រដ្ឋបាលខេត្តកំពត ដែលបានសម្រេចនូវសមទ្ធិផលផ្លែផ្កាជាច្រើននាពេលកន្លងមក។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តកំពត ខិតខំសម្រេចការងារកាន់តែប្រសើរនៅឆ្នាំ២០២២នេះ ដើម្បីក្លាយជាខេត្តគំរូគេលើការងារដឹកនាំបានល្អ៕