(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន សម្តេចក្រឡាហោម សខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញសម្ពោធអគារ និងសមិទ្ធផលនានាសាលាបឋមសិក្សាគួយជីកដី និងសំណេះសំណាល ចែកសម្ភារសិក្សា និងកង់ដល់សិស្សានុសិស្សចំនួន១០០នាក់ ដែលមានជីវភាពខ្វះខាត នៅសាលាបឋមសិក្សា គួយជីកដី ឃុំមង្គល ស្រុកមោងឬស្សី នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីនេះអមដំណើរដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួនផងដែរ។

អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា គួយជីកដី គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី រួមមាន៖ អគារសិក្សា ចំនួន១ខ្នង មាន៥បន្ទប់ អគារទីចាត់ការ ចំនួន១ខ្នង តុគ្រូ និងតុសិស្ស ចំនួន១២៥តុ បង្គន់អនាម័យ និងបន្ទប់ទឹក ចំនួន៤បន្ទប់។ ដោយឡែកខ្លោងទ្វារ និងរបងថ្ម ប្រវែង ៦៧ម៉ែត្រ ចូលរួមកសាងដោយឯកឧត្តម សាត គឹមសាន ប្រធានក្រុមការងារចុះជួយឃុំ និងក្រុមការងារ ព្រមទាំងសប្បុរសជន។

ក្នុងឱកាសនោះដែរ លោកស្រី ញ៉ែម សាខន សម្តេចក្រឡាហោម សខេង និងលោក ស សុខា ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ប្រគល់ជូនមាន៖

*សិស្សានុសិស្សខ្វះមធ្យោបាយធ្វើដំណើរចំនួន១០០នាក់ ម្នាក់ៗទទួលបានកង់ ១គ្រឿង និងសម្ភារសិក្សា ១កញ្ចប់
*សិស្សានុសិស្ស ចំនួន២៥០នាក់ ម្នាក់ៗទទួលបានសម្ភារសិក្សា ១កញ្ចប់
*លោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល
*សិស្សកាយរឹទ្ធ ចំនួន៥០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល
*រដ្ឋបាលឃុំរបស់មង្គល ថវិកាចំនួន៥០ម៉ឺនរៀល
*ប៉ុស្តិ៍នគរបាលរដ្ឋបាល ថវិកាចំនួន៥០ម៉ឺនរៀល
*មេភូមិ ១២នាក់ ម្នាក់ៗថវិកាចំនួន៥ម៉ឺនរៀល៕