(ព្រះវិហារ)៖ អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ត្រូវបានលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារយកទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដែលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសំបែង នៅភូមិស្រែធំ ឃុំរុងរឿង និងភូមិអូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះដែរ លោក ហោ ប៊ុនហួរ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។
លោក ហោ ប៊ុនហួរ បានសំដែងនូវការចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ។
លោកក៏បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរងគ្រោះ សូមកុំអស់សង្ឃឹម ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនទុកឱ្យប្រជាពលរដ្ឋណារស់ក្នុងភាពឯកោ និងអស់សង្ឃឹមនោះទេ យើងមានអាជ្ញាធរដែនដី មានកាកបាទក្រហមកម្ពុជា ចាំជួយគ្រប់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្នុងពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម តង់០១ ឃីត០១ឈុត មី០១កេស ត្រីខ០១យួរ ទឹកសុីអុីវ០១យួរ និងថវិកាចំនួន ១៣០,០០០រៀលផងដែរ៕