(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យមើលជាក់ស្ដែងលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងពិនិត្យមើលទីតាំងដាក់ទីបញ្ជាការស្រាល ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

បន្ទាប់ពីចុះពិនិត្យរួចមកលោក ងួន រតនៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចម្រុះ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់អាជ្ញាធរស្រុក ឃុំ សហគមន៍ កម្លាំងពាក់ព័ន្ធទាំងអស់អោយចូលរួមទប់ស្កាត់បទល្មើសនេសាទ គ្រប់ប្រភេទ ដើម្បីរួមចំណែក រក្សាធនធានជលផល ជូនបងប្អូនប្រជានេសាទ នៅក្នុងសហគមន៍ ។

ទន្ទឹមនឹងនោះដែរ លោក បានជំរុញដល់អាជ្ញាធរស្រុក ឃុំ សហគមន៍ កម្លាំងពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូនានា បន្តផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីការអនុវត្តន៍នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងមកបានបញ្ជាឱ្យក្រុមការងាររដ្ឋបាលខេត្ត ជាប់បឹងទន្លេសាប ត្រូវចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្របឹងទន្លេសាប ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នឹងឈប់ចូលនេសាទនៅក្នុងដែនអភិរក្ស និងតំបន់ហាមឃាត់បន្តទៀត។

ចំពោះសំណាកបទល្មើសដែលនៅសេសសល់សូមមន្ត្រីជំនាញ ត្រូវចាត់វិធានការបង្រ្កាបជាបន្ទាន់ និងធ្វើការដកហូតវត្ថុតាង ព្រមទាំងកំណត់មុខសញ្ញាជនល្មើស ដើម្បីយកមកធ្វើកិច្ចសន្យាដោយមិនឱ្យមានការប្រព្រឹត្តបន្តទៀតនោះទេ៕