(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី៣ អាណត្តិទី៣ ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈចំនួន៥ និងបែងចែកតួនាទី-ភារកិច្ចជូនគណៈអភិបាលខេត្ត

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

របៀបវារៈចំនួន៥ ដែលត្រូវបានពិនិត្យនិងអនុម័តនោះ រួមមាន៖

១៖ ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

២៖ ពិនិត្យនិងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីសម្រាប់ខែតុលា វិច្ឆិកា ធ្នូ ឆ្នាំ២០២១

៣៖ ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តពោធិ៍សាត់

៤៖ របាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត

៥៖ បញ្ហាផ្សេងៗ។

លោក ជាយ តាយ បានលើកឡើងថា គណៈអភិបាលខេត្តត្រូវបានគ្រប់គ្រង និងដឹកនាំដោយអភិបាលខេត្ត១រូប និងអភិបាលរង៦រូប ជាជំនួយការ។ នាពេលថ្មីៗកន្លងមកនេះ ខេត្តពោធិ៍សាត់មានការផ្លាស់ប្តូរអភិបាលរងខេត្តចំនួន៣រូប គឺ៣រូបចេញ និង៣រូបចូលមកវិញ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ អភិបាលរងខេត្តត្រូវបំពេញមុខងារ និងទទួលខុសត្រូវស្របទៅតាមលំដាប់ឋានានុក្រម និងទទួលខុសត្រូវចំពោះមុខអភិបាលខេត្តលើភារកិច្ចនានាដែលបានប្រគល់ជូន។

លោក ជាវ តាយ អភិបាលខេត្ត ទទួលបន្ទុកដឹកនាំរួមលើការងាររដ្ឋបាលទូទៅ។ លោក ចេង ឡៃ អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីររៀបចំដែនដីខេត្ត មន្ទីរកសិកម្មខេត្ត មន្ទីរការងារខេត្ត មន្ទីរមុខងារខេត្ត មន្ទីរប្រៃសណីយ៍ខេត្ត និងមន្ទីរព័ត៌មានខេត្ត។ លោក សាយ សុជាតិ អភិបាលរងខេត្ត ទទួលបន្ទុកស្ថាប័នតុលាការខេត្ត ពន្ធនាគារ មន្ទីរទំនាក់ទំនងខេត្ត អង្គភាពគយ មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន។ លោក គិត សុផា អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរសេដ្ឋកិច្ច រតនាគារ ពន្ធដារ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពច្រកចេញចូលតែមួយ និងកិច្ចការសិទ្ធិមនុស្ស។ លោក លឹម សុខតូ អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរអប់រំ ទឹកស្អាត គ្រប់គ្រងគ្រោះមហន្តរាយ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរធនធានទឹក និងកិច្ចការព្រំដែន។ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការនារីខេត្ត មន្ទីរវប្បធម៌ មន្ទីរធម្មការ និងមន្ទីរសង្គមកិច្ច។

លោក ម៉ក់ រ៉ា បានសម្តែងនូវការគាំទ្រចំពោះលោក លោកស្រី អភិបាលរងទើបមកទទួលមុខតំណែងថ្មី និងទទួលបន្ទុកទៅតាមមន្ទីរអង្គភាពនីមួយៗ ដោយអនុក្រឹត្ររបស់រាជរដ្ឋាភិបាល និងសូមឱ្យធ្វើកិច្ចសហប្រតិបត្តិការល្អរវាងនីតិប្បញ្ញតិ និងនីតិប្រតិបត្តិ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

ជាមួយគ្នានេះ ត្រូវបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាគន្លឹះសម្រាប់ធានាដល់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយចីរភាព។

លោកបានបន្តថា ចំពោះស្រុកជាប់នឹងបឹងទន្លេសាប រួមមាន ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន មន្ទីរកសិកម្ម មន្ទីរធនធានទឹក និងមន្ទីរបរិស្ថាន ព្រមទាំងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹង និងរឹតបន្តឹងក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ទៅតាមអនុសាសន៍របស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ និងត្រូវចូលរួមធ្វើអំពើល្អ សាមគ្គីភាពខ្ពស់ និងដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា នប្រជាជនឱ្យបានទាន់ពេលវេលា មានប្រសិទ្ធិភាព និងតម្លាភាព៕