(កំពង់ធំ)៖ សាខាកាកបាទក្រហមខេត្តកំពង់ធំ ដឹកនាំដោយលោកស្រី ឃួន ឃុនឌី អនុប្រធានគណៈកម្មាធិការសាខាកាកបាទខេត្ត បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលមកសម្រាលកូន៥០នាក់ ក្នុងមណ្ឌលសុខភាពជ័យ ស្ថិតក្នុងភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមណ្ឌលសុខភាពសាលាវិស័យ ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ការនាំយកអំណោយទៅចែកជូននេះ ក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ និងទិវាឆ្មបអន្តរជាតិ៨ឧសភា ក្រោមប្រធានបទ ស្ត្រីនិងទារកជាបេះដូងរបស់ឆ្មប។ ក្នុងឱកាសនោះដែរ លោកស្រី ឃួន ឃុនឌី ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្ដាំផ្ញើ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារដែលបានសម្រាលកូនត្រូវគិតពីសុខភាពឲ្យល្អ ហើយត្រូវមានផែនការឲ្យច្បាស់លាស់ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញក្នុងការយកកូន។ លោកស្រីក៏បានបន្ថែមថា សូមឲ្យមាតាបិតាទាំងអស់ ត្រូវពិនិត្យថែទាំគភ៌ឲ្យបានយ៉ាងតិចបួនដងមុនពេលសម្រាល និងពេលសម្រាលកូនត្រូវមកសម្រាលនៅមណ្ឌលសុខភាព ទោះជាកូនទីប៉ុន្មាន ក៏ដោយព្រោះមណ្ឌលសុខភាពជាទីកន្លែងដែលយើងពឹងពាក់បាន ជាពិសេសការថែទាំក្រោយសម្រាល ទាំងមាតា ទាំងទារក ការចិញ្ចឹមបីបាច់ទារ ការពន្យាកំណើត និងការត្រៀមសម្រាប់ការមានគភ៌ថ្មីទៀត ត្រូវគិតពីបញ្ហាសុខភាព នៅពេលមាខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្តិភាព ជៀសវាងគ្រោះមហន្ដរាយ ធម្មជាតិដូចជារន្ទះបាញ់ ខ្យល់កន្ត្រាក់រលំដើមឈើ រលំផ្ទះជាដើម និងសូមឲ្យមាតបិតាជួយចិញ្ខឹម កូនឲ្យបានធំធាត់ល្អ ត្រូវបង្ហាត់បង្ហាញឲ្យទៅរកផ្លូវត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងពាលាអាវាសែ ដែលសង្គមស្អប់ ខ្ពើម។
លោកស្រី សំណូមពរដល់លោកគ្រូពេទ្យទាំងអស់ សូមជួយព្យាបាលអ្នកជម្ងឺដោយយកចិត្តទុកដាក់ មានសំដី ពិរោះ ទន់ភ្លន់ សុភាពរាបសារ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។ ជាចុងក្រោយលោកស្រី ឃួន ឃុនឌី សូមថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ នេះសមទៅនិងពាក្យ «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំជួយជានិច្ច»៕