(ភ្នំពេញ)៖ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយហើយ ដោយគ្រោងនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីឱ្យដំណើរការនៃពិធីខាងលើប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ នៅរសៀលថ្ងៃទី២៩ ខែមីនានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី និងក្រុមហ៊ុនទទួលម៉ៅការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីតាំងនៃពិធី ដែលស្ថិតនៅខាងលិចស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្រ្តីជំនាញ និងអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធត្រូវសម្អាតការងារដែលនៅសេសសល់ ដូចជា សម្អាតដី កម្ទេចកម្ទីឱ្យបានស្អាត ពោលគឺដល់ថ្ងៃនៃការចាប់ផ្តើមពិធី គឺស្អាតទាំងអស់តែម្តង។ បន្ថែមពីនេះ ការពង្រឹងលើការងាររៀបចំសណ្តាប់ធ្នាប់ និងការងារសន្តិសុខ ក៏ត្រូវបានលោក ឃួង ស្រេង ណែនាំឱ្យអនុវត្តឱ្យបានល្អប្រសើរផងដែរ។

ពាក់ព័ន្ធនឹងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងមួយដើម្បីឱ្យប្រជាពលរដ្ឋបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះឆ្លងកាត់ផ្លូវប្រសព្វចោមចៅ (អតីតរង្វង់មូលចោមចៅ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ផងដែរ ពោលគឺចាប់ផ្តើមបិទនិងបញ្ជៀសចរាចរណ៍ចាប់ពីម៉ោង៥ព្រឹករហូតកម្មវិធីត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លាអាមេរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក

* ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ដែលមានចរាចរណ៍ពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរណ៍ក្រោមស្ពានមាន៥.៥ម៉ែត្រ។

* ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ីឆ្ពោះទៅវេងស្រេងសម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ។

* ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវនិងផ្លូវក្រោមដីជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដីជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប២៣៥ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ល្បឿនសុវត្ថិភាព៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំទទឹង៨.៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ៥.២៥ម៉ែត្រ និងទំហំ៥.៥ម៉ែត្រ។

ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ស្ពានអាកាសនេះដែរ គឺជាស្ពានអាកាសទី៦នៅប្រទេសកម្ពុជា៕