(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស អាយឆា (AICHR) លើកទី៣៤ បានចាប់ផ្តើមជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

កិច្ចប្រជុំនេះក៏បានវាយតម្លៃទិដ្ឋភាពទូទៅ នៃផែនការរបស់អាណត្តិចាស់ឆ្នាំ២០១៩-២០២១ និងការត្រៀមអនុវត្តនូវផែនការអាណត្តិថ្មី ២០២២-២០២៤។ អ្នកតំណាងអាយឆា ក្នុងឆ្នាំ២០២២-២០២៤ លោក កែវ រ៉េមី មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ប្រធានដឹកនាំកិច្ចប្រជុំនេះ ដោយផ្តោតទៅលើបញ្ហាសិទ្ធិជនមានពិការភាព រួមនឹងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។

លោក កែវ រ៉េមី បានបញ្ជាក់ថាសិក្ខាសាលានេះមានគោលបំណងជួយសម្រួលដល់ការផ្លាស់ប្តូរការងារដែលបានធ្វើរួចហើយនាពេលកន្លងមក និងដើម្បីធានាដល់សហគមន៍នៃស្ថាប័នរបស់ AICHR ហើយក៏នឹងមានបំណងពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផងដែរ។

បើតាមលោក ស្រ៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាទៅលើលិខិតបទដ្ឋានរបស់ អាយឆា ក៏ដូចជាការចែករំលែកនូវឯកសារផ្សេងៗរបស់អាស៊ាន ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ក៏ដូចជា ធម្មនុញ្ញរបស់អាស៊ាន សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងលក្ខន្តិកៈរបស់ អាយឆា ទាក់ទងនឹងសិទ្ធិមនុស្ស ដែលអាយឆាត្រូវធ្វើ។

ក្រៅពីនេះ លោកថាក៏មានគម្រោងដែលត្រូវធ្វើពិសេសទៅលើបញ្ហាសិទ្ធិមនុស្ស ដែលផ្ដោតសំខាន់ទៅលើសិទ្ធិរបស់ជនមានពិការភាព ថាតើត្រូវធ្វើការងារអ្វីខ្លះដើម្បីលើកកម្ពស់ជនមានពិការភាព និងការពារសិទ្ធិរបស់ពួកគេ។

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ នៅប្រទេសថៃ។ ការបង្កើត AICHR បង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តយុទ្ធសាស្រ្តឆ្ពោះទៅមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពីសិទ្ធិមនុស្ស។ វាគឺជាផ្នែកសំខាន់មួយ នៃរចនាសម្ព័ន្ធ អង្គការអាស៊ាន និងជាស្ថាប័ន ត្រួតត្រាដែលមានទំនួលខុសត្រូវរួមសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងអាស៊ាន។

សូមបញ្ជាក់ថា ក្នុងឱកាសបើកកិច្ចប្រជុំ អាយឆា លោក កែវ រ៉េមី បានស្វាគមន៍ចំពោះតំណាងនៃប្រទេសនីមួយៗចូលរួម និងបានចែករំលែកនូវបទពិសោធន៍នានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស៕