(ពោធិ៍សាត់)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចុះប្រតិបត្តិការ រុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប (ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត ជាលទ្ធផលរកឃើញសំបកកាណូតចាស់ ០១គ្រឿង និងសម្ភារបទល្មើសមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រង់ចំណុចនិយាមការ (x:0391450; y:1417594) ដោយមានការចូលរួមពី នាយ នាយរងខណ្ឌ នាយផ្នែកក្រគរ នាយ នាយរងសង្កាត់កណ្ដៀង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីបរិស្ថាន ប៉ូលីសប៉ុស្ដិ៍រាំងទិល និងយោធាខេត្ត។

ប្រភពពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា ក្នុងប្រតិបត្តិការរុករកនោះ ជាលទ្ធផលយើងបានរកឃើញសំបកកាណូតចាស់ ចំនួន០១គ្រឿង នៅចំណុចខាងលើ ដែលផ្ទុកវត្ថុតាងដូចខាងក្រោម៖

ទី១-អួនអូសទឹកសាប ចំនួន០១វង់
ទី២-សាច់ឈិបយន្ត ចំនួន០១វង់
ទី៣-ដងរុញឈិបយន្តប្រវែង០៨ម៉ែត្រ ចំនួន០២ដើម
ទី៤-លបប្រើស១០០ ប្រវែង៥០ម៉ែត្រ។
និងទី៥-សំបកកាណូតទំហំ ១២មx២មx១ម ចំនួន០១គ្រឿង។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងបានរុករកបន្តទៀត ហើយបានឃើញអ្នកបើកកាណូត០១គ្រឿងនៅក្បែរមាត់ព្រៃ ពេលជននោះឃើញកម្លាំងរបស់យើង ជននោះបានបើកកាណូតរត់ ហើយបានហកពីកាណូត រត់គេចចូលព្រៃបាត់បន្សល់ទុកនូវកាណូត០១គ្រឿង។

បច្ចុប្បន្នកាណូតនោះ កម្លាំងបានយកមករក្សាទុកនៅស្នាក់ការឡូតិ៍អភិរក្សលេខ ៦ រងចាំបទបញ្ជាចាត់ការបន្ត៕