(កំពង់ធំ)៖ លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងអំពីសារធាតុចិញ្ចឹមល្អៗជាច្រើននៅក្នុងទឹកដោះម្ដាយ និងអំពាវនាវជំរុញឱ្យមានការបំបៅកូនដោយទឹកដោះ ដោយហេតុថាគ្មានផលិតផលណាល្អ ប្រសើរជាងទឹកដោះម្ដាយនោះទេ រាប់ទាំងទឹកដោះគោម្សៅដែលផ្សំឡើងត្រឹមត្រូវតាមរូបមន្តផងដែរ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកអភិបាលរងខេត្ត ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់បំបៅដោះកូននៅសាលាខេត្តកំពង់ធំ និងនៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

លោក ទូច សុខា បានបញ្ជាក់ថា ទឹកដោះម្ដាយមានផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារទឹក ឬភេសជ្ជៈនោះឡើយ ក្នុងពេល៦ខែដំបូងនៃជីវិតទារក។ សារធាតុចិញ្ចឹមសំខាន់ៗ នៅក្នុងទឹកដោះម្ដាយ រួមមាន ប្រូតេអ៉ីនដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូសដែលជួយផ្ដល់កម្លាំងថាមពលដល់កុមារ ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ពន្ធ កោសិការាងកាយកុមារ និងថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារឲ្យមានថាមពលជីវជាតិ និងរ៉ែខនិជផងដែរ។

លោកបានបន្ថែមថា តាមការបញ្ជាក់ណែនាំរបស់ក្រសួងសុខាភិបាល ការបំបៅដោះកូនដោយផលិតផលជំនួសទឹកដោះម្ដាយអាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាគ ជំងឺហឺត ភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង លើសទម្ងន់ និងធាត់ជ្រុលជាដើម។ ដោយមើលឃើញគុណតម្លៃមហាសាលរបស់ទឹកដោះម្ដាយ ក្រសួងសុខាភិបាលមានគោលនយោបាយ៣ចំណុចក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារការបំបៅដោះកូនដោយទឹកដោះម្ដាយ គឺការចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយភ្លាមៗបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្ដាយរហូតកុមារអាយុ២ឆ្នាំ ឬលើសពីនេះ ដោយផ្ដល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី៦ខែឡើងទៅ ដោយផ្ដល់អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាពសមស្របតាមអាយុកាលរបស់កុមារ។

ដើម្បីចូលរួមអនុវត្តការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបានអត្រាបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់៦ខែ ឲ្យបាន៨៥% នៅឆ្នាំ២០៣០ លោកអភិបាលរង ទូច សុខា បានអំពាវនាវទៅដល់មន្ទីរ និងកន្លែងធ្វើការដទៃទៀត មេត្តាពិចារណាក្នុងការរៀបចំបន្ទប់បំបៅកូន ដើម្បីសម្រួលឲ្យស្ត្រីដែលត្រឡប់មកពីធ្វើការវិញអាចបន្តការបំបៅដោះកូនតទៅទៀតបាន ស្របតាមមាត្រា ១៤ និងមាត្រា ១៨៥ នៃច្បាប់ការងាររបស់កម្ពុជា។

លោកវេជ្ជបណ្ឌិត កែ ដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានលើកឡើងថា ផ្អែកតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពនៅកម្ពុជារបស់ក្រសួងផែនការបានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់សម្រាប់កុមារអាយុពីសូន្យដល់៦ខែបានកើនទ្បើង១១% នៅឆ្នាំ២០០០ ដល់ ៧៣.៥% ក្នុងឆ្នាំ២០១០ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពោលអត្រាបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់សម្រាប់អាយុកុមារសូន្យដល់៦ខែដំបូងបានធ្លាក់ចុះនៅ៧៣.៥% ក្នុងឆ្នាំ២០១០ មកត្រឹម៦៥%នៅឆ្នាំ២០១៤៕