(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកឯកភ្នំ។

ពិធីនេះ ក៏មានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

លោក ស សុខា បានថ្លែងថា រហូតមកដល់ពេលនេះ វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាព ២សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ធ្វើការកែលម្អ បង្កើនសមត្ថភាព ដើម្បីអាចឈានទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។ ជាក់ស្តែង បច្ចុប្បន្នសិស្ស និស្សិតរបស់កម្ពុជា កាន់តែច្រើនឡើង មានសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានាលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ គួរឲ្យកោតសរសើរ និងសារទរក្រៃលែង។

លោកបានលើកឡើងថា «លោកគ្រូ អ្នកគ្រូ ក្រៅពីបង្ហាត់បង្រៀន ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការធ្វើចរាចរ ដូចជាការចែក
ចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងបរិបទ នៃជំងឺកូវីដ-១៩ នេះ ។ លោកគ្រូ អ្នកគ្រូ មានភារកិច្ចកាន់តែច្រើនជាងមុន ព្រោះថាក្រៅពីការបង្ហាត់បង្រៀន លោកគ្រូ អ្នកគ្រូ ថែមទាំងត្រូវចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងសាលារៀនបន្ថែមទៀត»

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អស់ពីដួងចិត្តចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងអប់រំទូន្មាន តម្រង់ទិសសិស្សានុសិស្ស ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។

នាឱកាសនោះផងដែរ លោកស្រី ញ៉ែម សាខន ក៏បាននាំយកនូវថវិកា ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ ទាំង ៦៨៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០,០០០ រៀលផងដែរ៕