(ភ្នំពេញ)៖ ពិតជារឿងដ៏អស្ចារ្យ និងនឹកស្មានមិនដល់ដំរីញីឈ្មោះជីប៉ាល់ ដែលត្រូវបានដំរីព្រៃឈ្មោលមួយក្បាលគៀងចូលព្រៃអស់រយៈពេល ២សប្តាហ៍មុននឹងត្រឡប់មកកាន់ទីតាំងអភិរក្សវិញ ក្នុងខេត្តំណ្ឌលគិរី បានផ្តល់កំណើតដល់កូនដំរីញីមួយក្បាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ប្រកបដោយភាពភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាដំរីញីជីប៉ាល់ មានផ្ទៃពោះឡើយ។

«ជីប៉ាល់» ជាដំរីស្រុកញី តែមួយគត់នៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង «ជីពេជ្រ» ដែលជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី។ ដាក់ឈ្មោះជីពេជ្រ ដោយសារតែកូនដំរីញីមួយក្បាលនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។

កញ្ញា Jemma Bullock ប្រធានអង្គការ ELIE ធ្វើការងារលើការអភិរក្សសត្វដំរី បានលើកឡើងថា រូបនាងពិតជាមានសេចក្តីរំភើបរីករាយបំផុតព្រោះជាលើកទីមួយហើយដែលមានកូនដំរីស្រុកកាត់ព្រៃនៅលើទឹកដីនៃខេត្តមណ្ឌលគិរី។

កញ្ញាបានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី។

កញ្ញាបានបន្តទៀតថា «អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាលបានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំង អភិរក្សសត្វដំរី Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ ទៅក្នុងព្រៃជាមួយរយៈពេល ២សប្តាហ៍ ដែលជាលទ្ធផលធ្វើឱ្យនាង (ជីប៉ាល) មានផ្ទៃពោះដោយមិនបានព្រៀងទុក»

កញ្ញាបានបន្តទៀតថា ម្តាយនឹងកូនមានសុខភាពល្អបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់ បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ។ កញ្ញា បានបន្ថែមថា មុនដំបូងយើងមានការព្រួយបារម្មណ៍ខ្លាំង ខ្លាចមេដំរីខឹង នឹងខ្លាចកូនដំរីហើយរត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិត គឺខុសស្រឡះ ព្រោះដំរីញីជីប៉ាល់បានបង្ហាញក្តីស្រឡាញ់ ការពារយកចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនឹងសុខភាពល្អ។ បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារអភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។

បើតាមលោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងថា កូនដំរីជីពេជ្រ គឺជាកូនដំរីព្រៃញី០១ក្បាល ដែលកើតចេញពីសេចក្តីស្នេហារវាងដំរីព្រៃឈ្មោល និងដំរីស្រុកញីឈ្មោះ ជីប៉ាល់កាលពីអំឡុងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ ជីពេជ្រនាង កើតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារអភិរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបងប្អូនជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំ រង់ចាំអស់រយៈពេល ២៣ខែ ៣ថ្ងៃ ដែលជីពេជ្រ បានប្រសូត្រចេញមកជាកូនដំរីញី១ក្បាល ដែលមានឪពុកជាដំរីព្រៃ និងម្តាយជាដំរីស្រុក។

លោកបានបន្តថា ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជានិច្ចកាលតែងតែគាំទ្រទៅលើសកម្មភាពអភិរក្ស ធនធានធម្មជាតិ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចពូនងនៅក្នុងខេត្តមណ្ឌលគិរី។ តាមទំលាមទំលាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរី កាលណាដំរីស្រុកមានកូនគេត្រូវតែសែនព្រេនដោយកាប់ក្របី គោ ជ្រូកមាន់ទា ដើម្បីសុំសេចក្តីសុខ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាជីពេជ្រ គឺជាកូន ដំរីស្រុកទី២ ដែលបានកើតក្នុងរយៈពេល៣ ខែចុងក្រោយក្រោយនេះ ខណៈកាលពីខែធ្នូ ឆ្នាំ២០២១ កូនដំរីស្រុកមួយក្បាលឈ្មោះណូអ៊ែល បានកើតនៅលើទឹកដីខេត្តរតនគិរី។ នេះគឺជាដំណឹងដ៏គួរឱ្យរីករាយបំផុត។

លោកបានបន្តថា តាយរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីក្រុមអ្នកស្រាវជ្រាវបានថតបានពីក្នុងព្រៃធម្មជាតិ មានកូនដំរីតូចៗជាច្រើន ត្រូវបានកត់សម្គាល់ក្នុងហ្វូងដំរីធំៗក្នុងព្រៃ។ វត្តមាននៃកូនដំរីព្រៃ និងកូនដំរី ក្នុងស្រុក គឺជាក្តីសង្ឃឹមនៃការអភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា។ នៅកម្ពុជាមានដំរីអាស៊ីចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ក្បាល។

នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែបានកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយ និងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណីអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសងសឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។ ប្រជាពលរដ្ឋខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីរំខានដំរីដូចជាការធ្វើក្តារដាំដែកគោលដាក់តាមផ្លូវដើម្បីកុំឱ្យដំរីចូលស៊ីដំណាំរបស់ខ្លួនជាដើម។ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំនៅតាមច្រករបៀងដែលសត្វដំរី ឆ្លងកាត់ក៏ជាបញ្ហាមួយចោទផងដែរ។

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា៖ «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ី ឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល១០ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៦ ក្នុងនោះរួមមាន៖

ទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក
ទី២៖ អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ
ទី៣៖ ពង្រឹងការអនុវត្តច្បាប់
ទី៤៖ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម
ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស
និងទី៦៖ អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារ ដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕