(មណ្ឌលគីរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវចៀសវាងដាច់លើការយកកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រៃសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការសួរសុខទុក្ខ និងដាក់ចេញនូវសេចក្តីណែនាំនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវា។

ក្នុងកិច្ចសំណេះសំណាលនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរកទីផ្សារជូនប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈការសម្រួលបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរឡើង ការកសាងបទដ្ឋានគតិយុត្ត ដើម្បីគាំពារ និងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងតំបន់។

លោក ប៉ាន សូរស័ក្តិ ក៏បានណែនាំមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប. ទាំងអស់ បន្តខិតខំពង្រឹងចំណេះដឹង ទាំងជំនាញបច្ចេកទេស និងភាសាបរទេស តាមរយៈការសិក្សាស្រាវជ្រាវ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព។ បន្ថែមពីលើនោះ ថ្នាក់គ្រប់គ្រងត្រូវចេះប្រើប្រាស់មន្ត្រីរបស់ខ្លួនឱ្យអស់លទ្ធភាព និងត្រូវចេះបណ្តុះបណ្តាលមន្ត្រីដែលមានស្រាប់ ទៅតាមជំនាញបច្ចេកទេសពួកគេមាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានណែនាំថា «មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលដល់ការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»

លោករដ្ឋមន្ត្រី ក៏បានជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយត្រូវជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ រួមមាន៖ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ តាមរយៈការបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្ដល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

«មន្ត្រីទាំងអស់ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ នេះការក្រើនរំលឹករបស់លោក ប៉ាន សូរស័ក្តិ ទៅកាន់មន្ត្រីរបស់ខ្លួន ដើម្បីពង្រឹងភាពស្អាតស្អំលើការងារផ្តល់សេវា។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ចូលួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្ថែមការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចេះរក្សាគម្លាតសង្គម ព្រមទាំងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕