(កំពង់ធំ)៖ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី នៅព្រឹកថ្ងៃ២៩ ខែមីនា ឆ្នាំ២០២២ បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុនសែន និងសម្តេចក្ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រយៈលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្តល់ជូនគ្រួសារជួបការលំបាកចំនួន៣០គ្រួសារ ស្ថិតនៅក្នុងឃុំគគីធំ។
នៅក្នុងឱកាសនេះ លោក អួង សារឿន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្ត្តិព្រឹទ្ធបណ្ឌិត តែងតែផ្ដល់អំណោយមនុស្សធម៌ជូនបងប្អូនងាយរងគ្រោះ និងជួបបាតុភូតគ្រោះធម្មជាតិផ្សេងៗជាបន្តបន្ទាប់គ្រប់ ពោលទីកន្លែងណាមានទុក្ខលំបាក ទីនោះតែងតែមានអំណោយចុះជួយជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់អត់ស្បៀងអាហារនោះទេ។
លោកអភិបាលស្រុក បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសនាំគ្នាទៅចាក់វ៉ាក់សាំង (ដូសជំរុញ) ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាព និងរក្សាឲ្យបាននូវ (៣កុំ និង៣ការពារ) ដើម្បីការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអោយបងប្អូនចូលរួមថែរក្សាសន្តិភាព និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គ្នា។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនចំនួន៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ០១បេ, ត្រីខ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ និងថវិកាមួយចំនួនទៀតផងដែរ៕