(ភ្នំពេញ)៖ កម្មវិធីពេទ្យយើងរបស់ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា សហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល គម្រោង ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាព សេវាសុខាភិបាល និងមន្ទីរពេទ្យវៃឆ្លាតបៃតង»

គម្រោងនេះ បានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យ និងគ្លីនិក មកពីភ្នំពេញ បាត់ដំបង និងសៀមរាប ឲ្យចូលរួមអនុវត្តគម្រោងនេះ និងបានដាក់ឈ្មោះថា «បណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង»

បណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង គឺជាបណ្តាញសមាជិកមន្ទីរពេទ្យ និងគ្លីនិកចំនួន២០ ដែលបានចូលរួមនៅក្នុងយុទ្ធនាការ ស្តីពី បរិស្ថានទីក្រុងស្អាត និងបៃតង ដោយបានផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាស ការព្រីនឯកសារ និងកាត់បន្ថយការប្រើប្រាស់សម្ភារនានា នៅក្នុងមន្ទីរពេទ្យ ហើយងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» ដើម្បីលើកកម្ពស់បច្ចេកវិទ្យា នៅក្នុងមន្ទីរពេទ្យបៃតង។

មន្ទីរពេទ្យ និងគ្លីនិក ទាំង២០ ដែលជាសមាជិក នៅក្នុងគម្រោង បានសម្រេចចិត្តចូលរួមនៅក្នុងបណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ដោយបានផ្លាស់ប្តូរមន្ទីរពេទ្យរបស់ខ្លួន ពីការប្រើប្រាស់ក្រដាស មកជាឌីជីថលវិញ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រង និងប្រតិបត្តិការ នៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ព្រមទាំងលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

គម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង បានចាប់ផ្តើម កាលពីខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅបំណាច់ខែមីនា ឆ្នាំ២០២២ នេះ។ គម្រោងនេះ ចូលរួមប្រើប្រាស់ពីវេជ្ជបណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យ ចំនួន ៨៦៧នាក់ ព្រមទាំងគ្រប់គ្រងទិន្នន័យប្រវត្តិអ្នកជំងឺ ចំនួន ១០៨ ៧៥០នាក់ ដែលភាគច្រើន ជាស្ត្រី។

តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង មិនត្រឹមតែចូលរួមនៅក្នុងយុទ្ធនាការបរិស្ថាន ទីក្រុងស្អាត និងបៃតងប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយពន្លឿនរាល់ប្រតិបត្តិការទាំងអស់ នៅក្នុងមន្ទីរពេទ្យ ឬគ្លីនិក តាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញឲ្យការព្យាបាលកាន់តែលឿន រហ័ស ទំនើប ចំណេញពេលវេលា និងថវិកា សម្រាប់អ្នកផ្តល់សេវា និងអ្នកជំងឺ ជាពិសេសអ្នកជំងឺជាស្ត្រី និងកុមារ។

សិក្ខាសាលានេះ បានធ្វើឡើង នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ ចូលរួមជាគណៈអធិបតី ដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា, លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងនាយកប្រតិបត្តិកម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា និងតំណាងពីបណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។

លោកស្រី ប៉ុង លីមសាន បានលើកឡើងថា គម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង Green Network Hospital មានគោលបំណង បង្កើនគុណភាពនៃការព្យាបាល តាមរយៈប្រព័ន្ធឌីជីថល។ មានន័យថា មន្ទីរពេទ្យទាំងអស់ ធ្វើប្រតិបត្តិការ ចាប់ពីអ្នកជំងឺចូល រហូតដល់អ្នកជំងឺចេញ រួមទាំងប្រតិបត្តិការផ្នែកផ្សេងទៀត នៅក្នុងមន្ទីរពេទ្យ តាមប្រព័ន្ធឌីជីថល។

លោកស្រី ប៉ុង លីមសាន ក៏បានបន្ថែមថា យើងក៏មានគោលបំណងមួយទៀត គឺចូលរួមជួយដល់បរិស្ថាន ព្រោះយើងដឹងហើយថា កន្លងមក តាមមន្ទីរពេទ្យ ប្រើប្រាស់ក្រដាសក្នុងការបំពេញឯកសារអ្នកជំងឺ និងប្រតិបត្តិការនានា។ ប៉ុន្តែនៅពេលនេះ យើងជំនួសប្រតិបត្តិការទាំងអស់នោះ តាមប្រព័ន្ធឌីជីថល។ គម្រោងរបស់យើង ក៏ជួយច្រើនលើអ្នកជំងឺ ដែលជាស្ត្រី និងកុមារផងដែរ។

ជាមួយគ្នានេះ លោក W. Patrick Murphy បានប្រកាសចូលរួមអបអរសាទរដល់មន្ទីរពេទ្យ និងគ្លីនិក ទាំង២០ ដែលបានអនុវត្ត គម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង ដោយជោគជ័យនាពេលនេះ ហើយលោករំពឹងថា គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងខ្លាំង ជួយជ្រុំជ្រែងដល់ការផ្តល់សេវាជូនអតិថិជន ព្រមទាំងចូលរួមចំណែក ក្នុងការកាត់បន្ថយដល់ផលប៉ះពាល់បរិស្ថាន និងការប្រែប្រួល អាកាសធាតុផងដែរ។

លោក W. Patrick Murphy បន្ថែមថា គម្រោងដើមរបស់យើង គឺយើងចង់ឲ្យមានកំណត់ត្រាអ្នកជំងឺ ត្រឹមតែ៣៥,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែក្នុងពេលអនុវត្តគម្រោងនេះ សម្រេចបានដល់ទៅជាង១០ម៉ឺននាក់។ ដូច្នេះគម្រោងរបស់យើងរវាងដៃគូ ជាមួយសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាគំនិតផ្តួចផ្តើមគម្រោងទាក់ទងនឹងសុខភាព នៅក្នុងវិស័យសុខាភិបាលនោះទេ តែក៏គិតដល់វិស័យផ្សេងៗទៀត នៅក្នុងវិស័យនេះ ទាក់ទងនឹងគម្រោងទីក្រុងឆ្លាតវៃ ទាក់ទងនឹងគម្រោងសេដ្ឋកិច្ចឌីជីថល និងពង្រឹងភាពអង់អាចរបស់ស្ត្រី រួមទាំងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា គម្រោង «ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង» សំដៅចូលរួមចំណែក នៅក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យា ឌីជីថល នៅក្នុងវិស័យសុខាភិបាលកម្ពុជា ហើយក៏ជាការបោះជំហាន ជាវិជ្ជមានមួយទៀត នៅក្នុងការរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលបាន និងកំពុងតែផ្តោតការយកចិត្ត ទុកដាក់ខ្ពស់ លើការធ្វើទំនើបកម្មបច្ចេកវិទ្យា ឌីជីថល នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ដំណើរការគម្រោង «ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង» ក្នុងផ្នែកឯកជននៅកម្ពុជា ដោយកម្មវិធីពេទ្យយើង តាមរយៈជំនួយហិរញ្ញវត្ថុរបស់គម្រោងភាពជាដៃគូទីក្រុងវៃឆ្លាតរបស់សហរដ្ឋអាមេរិក គឺជាចំណែកមួយក្នុងការបង្កើនសក្តានុពលដ៏វិសេសវិសាល ទៅលើការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺតាមបែបឌីជីថល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាមន្ទីរពេទ្យឯកជន និងជាការចូលរួមចំណែកមួយផងដែរ នៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា តាមបែបឌីជីថល។

គម្រោងនេះ បានជួយដល់មន្ទីរពេទ្យឯកជននៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ឲ្យដំណើរការគ្រប់គ្រងសេវា ព្យាបាលជំងឺបែបឌីជីថល និងនាំឲ្យមន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់នោះ មានតួនាទី មិនត្រឹមតែជាអ្នកផ្តល់សេវា ប្រកបដោយការទទួលខុសត្រូវទេ ប៉ុន្តែបានក្លាយជាមន្ទីរពេទ្យ និងគ្លីនិកមានការទទួលខុសត្រូវចូលរួមកសាងទីក្រុងបៃតង និងបរិស្ថានស្អាតទៀតផង។

លោកស្រី ឱ វណ្ណឌីន បន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល ក៏ជាចំណុចសំខាន់មួយ ដែលត្រូវបានរាប់បញ្ចូល គិតគូរ និងផ្តួចផ្តើមនៅក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល ក៏កំពុងតែគាំទ្រ និងជំរុញលើកទឹកចិត្ត ឲ្យមានការចូលរួមឲ្យបានពេញលេញ ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការដៃគូនានា៕