(បន្ទាយមានជ័យ)៖ អាណោធអាធ័មណាស់! ក្មេងប្រុសស្រីតូចៗ២នាក់ បានចុះលេងទឹក ក្នុងរណ្តៅក្រុមហ៊ុនចិនមួយ ដែលគេជីកកកាយអាចម៌ដី បណ្តាលឲ្យលង់ស្លាប់នៅល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក ឆេង អ៉ីសុខា អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី៦ ខែឧសភានេះ ថា មុនពេលកើតហេតុមានក្មេងតូចៗ១ក្រុម បាននាំគ្នាចុះលេងទឹករណ្តៅ របស់ក្រុមហ៊ុនចិន កាយអាចម៌ដីយកធ្វើផ្លូវជាតិលេខ៥៨។ ដោយឡែកក្មេងប្រុសស្រី២នាក់ ដែលស្លាប់នេះគឺបានរអិលជើងចូលទៅក្នុងរណ្តៅដែលទឹកជ្រៅ បណ្តាលក្មេងទាំង២នាក់លង់ទឹកតែម្តង។ លោកបន្តថា ក្រោយពីកើតហេតុភ្លាមៗ អ្នកភូមិមកដល់កន្លែងកើតហេតុហើយ ចុះទៅស្រង់ក្មេងទាំង២នាក់ឡើងលើគោកវិញដែរតែជាអកុសល ពួកគេទាំង២នាក់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យតាមជំនាញហើយបញ្ជាក់ថាពួកគេទាំង២ពិតជាលង់ទឹកស្លាប់មែន។ លោកបានប្រាប់ថា ក្មេងរងគ្រោះទី១ឈ្មោះឌឹម ឌូណា ភេទស្រី អាយុ៧ឆ្នាំ នឹងទី២ឈ្មោះ ផល រ៉ាចាន់ ភេទប្រុស អាយុ៦ឆ្នាំ ក្មេងរង គ្រោះទាំង ២នាក់រស់ នៅក្នុងឃុំជាមួយគ្នាខាងលើ។ ចុងក្រោយសពក្មេងរងគ្រោះក៏ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕