(ប៉ៃលិន)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ លោកស្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងក្រុមការងារសាខា ព្រមទាំងមានការចូលរួមពី លោកស្នងការនគរបាលខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទីតាំងកំពុងខួងអណ្តូង ព្រមទាំងបំពាក់ស្នប់តាមទីតាំងដែលបានខួងរួច ដើម្បីពន្លឿនឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ទាន់ពេលវេលា ស្ថិតនៅចំណុចក្បាលឡាន និងភូមិទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការដោះស្រាយលទ្ធភាពទឹកប្រើប្រាស់ បើទោះបីមិនមានបញ្ហាប្រឈមធ្ងន់ធ្ងរកង្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងនេះ យ៉ាងណាក៏ដោយនេះគឺជាគម្រោង ក្នុងការឆ្លើយតប និងដោះស្រាយទឹកជូនពុកម៉ែបងប្អូនដែលរស់នៅជនបទ និងឆ្ងាយពីប្រភពទឹក។

ក្នុងឱកាសចុះពិនិត្យអណ្តូង លោកស្រី បាននាំការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចតែងតែគិតគូពី សុខទុក្ខប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ហើយសម្តេចបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់ផ្សេងៗ រួមទាំងរន្ទះ អគ្គិភ័យ និងការបាក់លំនៅដ្ឋានដោយសារខ្យល់កន្ត្រាក់ និងខ្យល់ព្យុះ ហើយសូមទទួលទានទឹកមានអនាម័យ ដើម្បីចៀសវាងជំងឺផ្សេងៗ និងគ្រោះថ្នាក់ដែលបង្កឡើង ជាយថាហេតុពីធម្មជាតិ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ប្រធានគណៈកម្មាធិការសាខា និងជាតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ទោះបីពេលនេះតំបន់មួយចំនួនក្នុងខេត្តប៉ៃលិន មានភ្លៀងធ្លាក់រាយប៉ាយក៏ដោយ ក៏តម្រូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋនៅតែជាបញ្ហាប្រឈម ដោយនាពេលថ្មីៗនេះ លោកជំទាវបានជួយដោះស្រាយការលំបាកជាច្រើន ជូនប្រជាពលរដ្ឋ ដូចជា ការចែក និងផ្តល់ទឹកទទួលទាន និងទឹកប្រើប្រាស់ បានទាន់ពេលដោយមិនបង្កឲ្យប្រជាពលរដ្ឋជួបបញ្ហាកង្វះខាតទឹកធ្ងន់ធ្ងរឡើយ និងកន្លងមក លោកជំទាវ បានផ្តល់ និងប្រគល់ជូនប្រជាពលរដ្ឋ នូវស្រះទឹក និងអណ្តូងស្នប់ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាច្រើនទីតាំងក្នុងឃុំ សង្កាត់ ទូទាំងខេត្ត។

ហើយដោយឃើញការលំបាករបស់សិស្សតូចៗ រៀននៅតាមភូមិដែលមានអគារស្លឹកចាស់ និងទ្រុឌទ្រោម លោកស្រី នឹងគ្រោងសាងសង់សាលាជាថ្មីជូនចំនួន១ខ្នង ៣បន្ទប់ សម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងពេលឆាប់ៗខាងមុខនេះ៕