(កំពត)៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តតួរី ២គ្រឿងបុកគ្នា បណ្តាលឲ្យផ្ទុះឆេះក្លាយជាអគ្គិភ័យ យ៉ាងសន្ធោសន្ធៅ បានបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងលិចស្ពានដុកត្រុំលើ ផ្លូវជាតិលេខ៣ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
មន្រ្តីនគរបាលស្រុកទឹកឈូ បានថ្លែងប្រាប់ Fresh News ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ដម៉ាកសំាងយ៉ុង ពណ៌ស និងសាំងយ៉ុងពណ៌លឿង បើកទិសដៅផ្ទុយគ្នា បណ្តាលឲ្យមានអ្នករងរបួសមួយចំនួនផងដែរ តែគ្មានអ្នកស្លាប់នោះទេ។ ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកទឹកឈូ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីបាញ់ពន្លត់ភ្លើង។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់ថា ជាលទ្ធផលរថយន្តទាំង២គ្រឿង បានឆេះរងការ ខូចខាតទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតរបស់អ្នកជិះនៅក្នុងរថយន្តនោះទេ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា សម្រាប់កិច្ចប្រតិបត្តិការជួយអន្តរាគមន៍នេះ កម្លាំងនគរបាលរបស់លោក បានប្រើរថយន្តបាញ់ ពន្លត់ភ្លើងចំនួន២គ្រឿង៕