(ព្រៃវែង)៖ គ្រោះធម្មជាតិភ្លៀងលាយជាមួយខ្យល់កន្ដ្រាក់យ៉ាងខ្លាំង បានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងខេត្តព្រៃវែងនៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
លោកឧត្តសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រាប់ Fresh News នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះថា «នៅថ្ងៃម្សិលមិញ មានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ដ្រាក់៣លើក ក្នុងនៅស្រុកកំពង់ត្របែក១លើក បណ្ដាលឱ្យរលំផ្ទះ៣ខ្នង ស្រុកបាភ្នំ១លើក រលំផ្ទះ១ខ្នង និងក្នុងស្រុកស៊ីធរកណ្ដាល១លើក»។ លោកមេបញ្ជាការបានបន្ថែមថា ក្នុងគ្រោះធម្មជាតិនេះ ក៏មានរន្ទះបាញ់២លើកផងដែរ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងគោ១ក្បាល ចំណែកផ្ទះដែលខូចខាតសរុបមាន១១ខ្នង។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ មានរយៈពេល៩ថ្ងៃនេះ កម្ពុជា មានសីតុណ្ហភាព ចាប់ពី ៣៤ ដល់ ៤០អង្សាសេ និងតាមខេត្តរាជធានី មានភ្លៀងធ្លាក់ ផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៤ ដល់ ១១ ខែ ឧសភា ឆ្នាំ២០១៦៕