(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Paul Jacob Roby ប្រធានក្រុមចម្រុះគម្រោងអាហារូបត្ថម្ភនិងប្រជាជន នៃធនាគារពិភពលោក (Cluster Lead for World Bank Health Nutrition and Population Projects) ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះលោក Jacob ដែលត្រូវបានតែងតាំងថ្មី និងថ្លែងអំណរគុណចំពោះលោក Ziauddin Hyder ដែលបានចប់អណត្តិ។ លោកស្រី បានជម្រាបជូនភ្ញៀវអំពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់។

លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានសហការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

តំណាងធនាគារពិភពលោកបានក៏បានសម្តែងនូវការកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា
និងក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធ
នឹងជំងឺកូវីដ-១៩ និងតែងតែសហការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោក។

តំណាងធនគារពិភពលោកបានលើកឡើងបីចំណុចសំខាន់ៗគឺ៖

* ១) ការអនុវត្តគម្រោង H-EQIP 1
* ២) ការរៀបចំបន្ត
គម្រោង H-EQIP 2
* និង ៣) គម្រោងឆ្លើយតបបន្ទាន់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានឯកភាពចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើគម្រោងទាំងបីខាងលើនេះព្រមទាំងគម្រោងអារហារូបត្ថម្ភនៅកម្ពុជា និងគម្រោងបណ្តុះបណ្តាលមុននឹងការផ្តល់សេវា ព្រមទាំងសំណូមពរដល់ធនាគារពិភពលោកបន្តការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការនេះជាបន្តទៀត។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានជូនពរដល់លោកតំណាងថ្មី និងលោកតំណាងផុតអណត្តិស្នាក់នៅកម្ពុជា ដោយសុខសុវត្ថិភាព និងទទួលជោគជ័យថ្មីៗថែមទៀត៕